Friday, February 17, 2023

អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន


(ភ្នំពេញ)៖ «តើសហរដ្ឋអាមេរិក មានភាពក្លាហានក្នុងការផ្សព្វផ្សាយសេរីភាពសារព័ត៌មានដែរ ពេលកំពុងធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម និងដាក់គុក Julian Assange និង Edward Joseph Snowden! នៅពេលអ្នកធ្វើទារុណកម្ម #JulianAssange អ្នកគ្មានឋានៈសូម្បីតែនិយាយលើសេរីភាពសារព័ត៌មាន។ សូមឈប់ទៅ!»។


នេះគ្រាន់តែជាសារមួយចំនួនដែលអ្នកប្រើប្រាស់ហ្វេសប៊ុក និងធ្វីតទ័រជនជាតិអាមេរិក លើធ្វីតធ័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈ ប្រតិកម្មតបស្រដៀងគ្នានេះក៏មាននៅលើការផ្សាយរបស់ តំណាងស្ថានទូតអង់គ្លេស ប្រទេសអូស្ត្រាលី អឺរ៉ុបដោយពួកគេបានលើកឡើងថា «ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងនេះក៏មិនល្អទេ ហើយលទ្ធិប្រជាធិបតេយ្យកំពុងមានបញ្ហា។ សូមគិតពីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌ មានក្នុងប្រទេសខ្លួនឯងជាមុនសិន!»។

ការអត្ថាធិប្បាយលើការផ្សាយរបស់ក្រសួងការបរ ទេសរបស់សហរដ្ឋអាមេរិក និងបណ្តាស្ថានទូតនានាដែល បញ្ចេញប្រតិកម្មហួសហេតុ និងបង្កបដោយរបៀបវារៈនយោបាយ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា លើចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យ (CCIM) ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសបុគ្គលនិង ស្ថាប័នរាជរដ្ឋាភិបាលហើយមិនព្រមធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

នេះមិនមែនជាលើកទី១ ទេ ដែលពលរដ្ឋអាមេរិក អង់គ្លេស រួមនឹងពលរដ្ឋអឺរ៉ុបផ្សេងទៀតបានចូលអត្ថាធិប្បាយប្រឆាំង នឹងរដ្ឋការរបស់ខ្លួននៅពេលដែលចេញមកធ្វើតួឯកបង្រៀនមេរៀន ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានដល់ ប្រទេសដទៃ ដោយពួកគេបានទាញអារម្មណ៍ឱ្យរដ្ឋបាល នៃបណ្តាប្រទេសខ្លួនគិតគូរពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួន ជាជាងដើរចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ និងជំរុញប្រទេសផ្សេងទៀតឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សល្អឥតខ្ចោះតាមទ្រឹស្តី ខណៈបញ្ហាក្នុងប្រទេសខ្លួនឯងដោះស្រាយមិនទាន់បានរួចផងនោះ។

អ្វីដែលលើកឡើងដោយពលរដ្ឋអាមេរិក អឺរ៉ុប គឺជាការត្រឹមត្រូវ ព្រោះស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេស ដែលដើរតួជាបិតាធិបតេយ្យ ក៏មិនមានលទ្ធិប្រជាធិបតេយ្យរឹងមាំដែរ។ មិនតែប៉ុណ្ណោះត្រង់ថា ប្រទេសនៃបណ្តាស្ថានទូតទាំងនោះអនុវត្តវិធានការដូចគ្នា ដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីដូចជា RT, Sputnik និងហាមឃាត់បណ្តាញទំនាក់ទំនងសង្គមប្រទេសចិន មិនឱ្យមានការផ្សព្វផ្សាយនៅលើទឹកដីខ្លួន ពួកគេលើកហេតុផលថាដើម្បី «ការពារសេរីភាពសារព័ត៌មាន គឺមិនមែនវាយប្រហារលើសេរីភាពសារព័ត៌មានទេ» ខណៈប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មិនបានប្រព្រឹត្តអ្វីខុសឡើយ តែជាប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសដៃគូប្រកួតប្រជែងរបស់ខ្លួន។

ដោយមិនទទួលស្គាល់ការពិតថា ប្រទេសខ្លួនក៏មានបញ្ហាដែរបណ្តាប្រទេសមហាអំណាចខ្លះបានតាំងខ្លួនជាបងធំពិភពលោក ដើរប្រដៅគេប្រដៅឯង រួមនឹងដើរដាក់ចំណាត់ថ្នាក់ប្រទេសផ្សេងៗលើផ្នែកសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ ដូចគីង្គក់ លក់ថ្នាំស្រែងអីចឹង។ ពេលនេះសាធារណជនមិនចេះតែជឿលើការឃោសនារបស់បណ្តាស្ថានទូតនៃប្រទេសទាំងនោះទៀតឡើយ។ ពលរដ្ឋបានដឹងយ៉ាងច្បាស់ថា ការវាយតម្លៃ ការរៀបចំរបាយការណ៍ផ្សេងៗ និងការចេញមកប្រតិកម្មដាក់សម្ពាធលើប្រទេសមួយចំនួនដែលខ្លួនយល់ថា មិនដើរតាមបន្ទាត់នយោបាយរបស់ខ្លួន វាគ្រាន់តែជាឧបករណ៍នយោបាយដើម្បី ធ្វើបាបប្រទេសតូចតាច និងខិតខំទាញឱ្យប្រទេសទាំងនោះ ស្ថិតក្រោមឥទ្ធិពល និងស្តាប់បង្គាប់ខ្លួនប៉ុណ្ណោះ។ លើសពីនេះទៅទៀត ប្រសិនបើមិនអាចធ្វើអ្វីបានទេ ពួកគេនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បូបង្កើតជាបញ្ហាផ្សេងៗ មិនចេះចប់ មិនចេះហើយតាមរយៈការគាំទ្រលើកម្លាំងនយោបាយប្រឆាំងផ្សេងទៀតដើម្បីអុកឡុក បង្កចលាចលក្នុងសង្គមនោះ។

ប្រតិកម្មនឹងបណ្តាស្ថានទូតនានាដែលបានប្រើប្រាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយបញ្ជាក់ថា «គឺស្មើនឹងការរំលោភលើ អនុសញ្ញាទីក្រុងវីយែនស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)»។ ជាតំណាងឱ្យប្រទេសមានអរិយធម៌និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពព័ត៌មានដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច ដោយចេតនាដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។

មាត្រា១០ (ខ) នៃច្បាប់នេះ ចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ ដែលច្បាប់ហាមឃាត់»។ ការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិរទណ្ឌភាពឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវ លើការងារ និងការទទួលស្គាល់កំហុស។

ដោយឈរលើមូលដ្ឋាននៃការអនុវត្តអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអ្នកការទូតជើងចាស់បានព្រមានជាមុនថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាន នៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។

ដូច្នេះបណ្តាស្ថានទូតបរទេសនៅកម្ពុជា និងស្ថាប័នរដ្ឋបាលខ្លួន គួរអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត និងពិនិត្យមើលបញ្ហាព្រមទាំងដោះស្រាយបញ្ហារំលោភសិទ្ធិសេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសខ្លួនឱ្យបានល្អជាមុនសិន ចាំមកប្រដៅគេផ្សេង។ ចំពោះការបិទវិទ្យុ VOD គឺជាការបំបាត់វិទ្យុដែលប្រព្រឹត្តិខុសសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ហើយវិទ្យុនេះបានស្លាប់បាត់ទៅហើយ។

ប៉ុន្តែសេរីភាពសារព័ត៌មាននៅកម្ពុជាមិនស្លាប់ទៅតាមវិទ្យុ ដែលទទួលជំនួយបរទេស និងបម្រើគោលនយោបាយ និងរបៀបវារៈរបស់បរទេសនោះទេ ពោលគឺសេរីភាពសារព័ត៌មានកម្ពុជានៅតែរស់រវើក សកម្ម និងរីកចម្រើនព្រោះគ្មានវត្តមាននៃវិទ្យុដែលផ្សាយព័ត៌មានមិនពិត មួលបង្កាច់ និងញុះញង់៕


ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣


No comments:

Post a Comment