
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ បានបន្តថា អាជ្ញាធរត្រូវតែរកមុខអ្នកលួចដុតឲ្យបាន និងយកមកអប់រំថា នេះជាអំពើខុសច្បាប់ បើទោះអ្នកលួចដុតទាំងនោះមកពីគណបក្សណាក៏ដោយ។ សម្តេច បន្ថែមថា រូបលោក និងឯកឧត្តម សម រង្ស៊ី នឹងធ្វើការងារនេះជាមួយគ្នា ដើម្បីលុបបំបាត់ភាពជ្រុលនិយមរបស់ក្រុមណាមួយ។ សម្តេចបញ្ជាក់ថា តួនាទីរបស់ឯកឧត្តម សម រង្ស៊ី និងសម្តេចត្រូវខំធ្វើយ៉ាងម៉េច ដើម្បីឲ្យយុវជននិយមកណ្តាល ចៀសវាងភាពជ្រុលនិយម និងការរើសអើងជាតិសាសន៍ហួសហេតុ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអំពាវនាវផងដែរ « សូមកុំឲ្យប្រជាពលរដ្ឋចាត់ទុកពណ៌ណាមួយជារបស់យួន និងលាបពណ៌ដាក់គ្នា ដែលនាំឲ្យមានការស្អប់ខ្ពើមគ្នា» ។ សម្តេចនាយករដ្ឋមន្រ្តី បន្តថា ការរចនាខ្លោងទ្វារនេះ គឺជាការខិតខំរកប្រភពដើមរបស់ខ្មែរ បូកផ្សំនឹងការច្នៃប្រឌិត។ ប៉ុន្តែ ទោះយ៉ាងណា សម្តេចតេជោ បានអំពាវនាវដល់យុវជនត្រូវតែទទួលយកនូវមតិរិះគន់ទាំងអស់ យកទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ បើមានការខ្វះចន្លោះត្រូវបំពេញបន្ថែម ប៉ុន្តែ បើបានល្អ ត្រឹមត្រូវហើយ គឺជារឿងមួយដ៏ប្រសើរខ្លាំងណាស់ ដែលមិនគួរត្រូវបាន មានក្រុមជ្រុលនិយមបង្កបញ្ហានោះទេ។
សូមបញ្ជាក់ថា ក្រោយពីខ្លោងទ្វារអង្គរសង្ក្រាន្តចាស់ដែលរងការរិះគន់ពីក្រុមជ្រុល និយមមួយចំនួនតាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ជាធ្វើឡើងតាមរចនបទវៀតណាម និងចិនមកនោះ ត្រូវបានជនល្មើសលួចដុតកាលពីថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៥ ក្នុងដំណាក់កាលដែលខ្លោងទ្វារនោះ ត្រូវបានមន្ត្រីរៀបចំកម្មវិធីអង្គរសង្ក្រាន្ត ដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា កំពុងសាងសង់មិនទាន់រួចរាល់នៅឡើយ។ ប៉ុន្តែ បន្ទាប់ពីត្រូវបានជនជ្រុលនិយមលួចដុតបំផ្លាញ ខ្លោងទ្វារមួយនេះក៏បានជុសជុល កែសម្រួលឡើងវិញ៕

No comments:
Post a Comment