
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង២ បានអញ្ជើញជាកិត្តិយសទទួលទេវតាឆ្នាំថ្មី ឆ្នាំមមែ សប្តស័ក ព្រះនាង រាក្យសៈទេវី បុត្រីទី៣ ព្រះកបិលមហាព្រហ្ម ។
ពិធីទទួលទេវតាឆ្នាំថ្មី បានប្រារព្ធធ្វើឡើងនៅខាងមុខប្រាសាទបាយ័ន នៃទឹកដីអង្គរ រៀបចំតាមរបៀបសាសនា ជាមួយនឹងការនិមន្តព្រះសង្ឃសូត្រធម៌ ជយ័ន្តោ លើកជោគជតារាសី សម្រាប់ឆ្នាំថ្មី ប្រកបដោយភាពអឹកអាធឹកយ៉ាងក្រៃលែង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទានធូប ផ្កាភ្ញី នៅទីកន្លែងដែលមានការរៀបចំយ៉ាងល្អប្រណិត នូវគ្រឿងសក្ការៈបូជាជាច្រើន ដែលជាដង្វាយសម្រាប់ទេវតាឆ្នាំថ្មី និងបានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងយាងចូលមកគ្រងថែរក្សាចក្រវាឡទាំងមូល ជាពិសេសសម្រាប់ប្រទេសកម្ពុជា សូមប្រទានសព្វសាធុការពរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជួបប្រទះតែសេចក្តីសុខ ជ័យមង្គល វិបុលសុខគ្រប់ប្រការ មានសិរីសួស្តី និងភាពរីកចម្រើនរុងរឿង និងសូមឲ្យប្រទេសកម្ពុជាជួបតែសុខសន្តិភាព សំបូរសប្បាយ និងបន្តការរីកចំរើនរុងរឿងតទៅទៀត។
តមកទៀត នៅថ្ងៃដដែលនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូអមដំណើរ ក៏បានអញ្ជើញជាកិត្តិយសក្នុងកម្មវិធីទាញព្រ័ត្រមិត្តភាពអង្គ សង្ក្រាន្ត ដែលមានប្រវែង២៥០ម៉ែត្រ ក្នុងបរិយាកាសដ៏មហារីករាយ និងសំឡេងហោរសប្បាយពីប្រជាពលរដ្ឋដែលបានអញ្ជើញមកជួបជុំគ្នានៅ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី លើទឹកដីអង្គរ ហើយបន្ទាប់មកពេលព្រលប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីគោមបណ្តែត ដើម្បីទឹកបួងសួងសុំសេចក្តី ភាពចម្រុងចំរើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលប្រព្រឹត្តធកវើឡើងនៅកសិក្ស ខាងមុខប្រាសាទអង្គវត្ត ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ៕



No comments:
Post a Comment