
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា យើងគួរឈប់ហៅគណបក្សរបស់ឯកឧត្តម សម រង្ស៊ី ថា គណបក្សប្រឆាំងតទៅទៀត គួរតែហៅថា បក្សក្នុងរដ្ឋាភិបាល សំដៅលើគណបក្សប្រជាជនកម្ពុជា និងហៅគណបក្សសង្គ្រោះជាតិ ថាបក្សក្រៅរដ្ឋាភិបាលវិញ។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតី បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ខណៈឯកឧត្តម សម រង្ស៊ី និងលោកជំទាវកំពុងមានវត្តមាននៅក្នុងនោះ អង្គុយចំពីក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានបន្ថែមថា សម្តេចតេជោ ក៏ចង់ឲ្យកូនៗរបស់ឯកឧត្តម សម រង្ស៊ី មានការជួបជុំគ្នាញ៉ាំបាយជាមួយកូនៗរបស់សម្តេច ដែលសម្តេច ចាត់ទុកថា ការរៀបចំឲ្យមានការជួបជុំគ្នាក្នុងកម្មវិធីបែបនេះ គឺជាការបណ្តុះកូនៗឲ្យចេះធ្វើការជាមួយគ្នា។
សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរ ដោយសម្តេចចង់ឲ្យមានវប្បធម៌សន្ទនានេះ រីកទៅដល់មូលដ្ឋាន ។ សម្តេចតេជោ បញ្ជាក់ថា ទោះជាអ្នកស្រឡាញ់គណបក្សណាមួយក៏ដោយ វាជាសិទ្ធិរៀងៗខ្លួន ប៉ុន្តែ សម្តេច មិនចង់ឃើញ ប្រជាពលរដ្ឋនៅចុងភូមិបក្សផ្សេង នៅកណ្តាលភូមិបក្សផ្សេងនោះទេ គឺត្រូវតែបញ្ចប់ កុំមានដាច់ខាតនូវវប្បធម៌នេះ។
ទន្ទឹមនឹងការថ្លែងកោតសរសើរចំពោះការរៀបចំព្រឹត្តិការណ៍អង្គ រសង្ក្រាន្ត ថាជាជោគជ័យដ៏ធំធេង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជន និងសរសើរដល់យុវជនស្ម័គ្រចិត្តប្រមាណ២៩២៩នាក់ ដែលបានលះបង់ពេលវេលារបស់ខ្លួនក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ នេះ ថាបានផ្តល់ឱកាសឲ្យកម្ពុជាបង្ហាញខ្លួនកាន់តែល្បីរន្ទឺលើឆាក អន្តរជាតិ និងថា ជាព្រះរាជាណាចក្រសំបូរដោយវប្បធម៌ ជាពិសេសជោគជ័យ ដែលនំអន្សមយក្សរបស់កម្ពុជាបានបំបែកក្នុងកំណត់ត្រា ឯកទគ្គកម្មពិភពលោក និងការរាំចង្វាក់ម៉ាឌីហ្សូន បំបែកឯកទគ្គកម្មពិភពលោកដែរនោះ សម្តេចតេជោក៏បានឆ្លៀតយកឱកាសនេះ ផ្តល់អនុសាសន៍ដល់យុវជនជំនាន់ក្រោយ ត្រូវតែហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ហើយនិងហ៊ានទទួលយកនូវការរិះគន់ទាំងអស់យកទៅពិគ្រោះយោបល់ជាមួយ អ្នកជំនាញ ដើម្បីកែលម្អ ទើបមានអនាគតរុងរឿង ល្អប្រសើរ ដោយមិនត្រូវពួកគេផ្តេកផ្តួលតែលើឳពុកម្តាយនោះឡើយ។
សម្តេចតេជោ បញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមយុវជននេះ ក៏ជាវិធីសាស្ត្រឲ្យយុវជនចេះទទួលខុសត្រូវ និងសម្រាប់បន្តវេនដឹកនាំប្រទេសផងដែរ៕

No comments:
Post a Comment