ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីផ្តល់ប្រាក់រង្វាន់របស់សម្តេចតេជោ
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨
នៅសឹង្ហបូរី ឆ្នាំ២០១៥ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដែលប្រារព្ធឡើងនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
បានមានប្រសាសន៍ថា «កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ
ភាពសប្បាយរីករាយ និងស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាពនិងសហប្រតិបត្តិការរវាងគ្នានិងគ្នា
ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់
ដល់ការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះ កីឡាករ កីឡាការិនី
ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានលើកឡើងថា
វិស័យអប់រំកាយ និងកីឡា គឺអាទិភាពដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់
ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ប្រកបដោយចីរភាពនិងសមធម៌។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាប់អារម្មណ៍ថា ជាការពិត
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម គឺបាននាំមកនូវបទពិសោធន៍ថ្មីៗ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តបន្ថែមទៀត
ហើយបទពិសោធន៍ទាំងនេះនឹងជួយក្មួយៗកីឡាករ កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត
សម្រាប់ការប្រកួតជាអន្តរជាតិនាពេលអនាគត ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
ដែលកម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បន្តថា
«ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់
បន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង
ដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា
ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាយើងបានចូលរួមឡើងវិញក្នុងការប្រកួតកីឡាស៊ីហ្គេម
ហើយរហូតមកកម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី៩ ឬទី១០ ចំណាត់ថ្នាក់ក្រោមប្រទេសឡាវជានិច្ច
ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេមលើកទី២៨ នៅសង្ហឹបូរីនេះ ដែលមាន១១ប្រទេសចូលរួម
កម្ពុជាយើងឈរនៅចំណាត់ថ្នាក់ទី៨ ខណៈដែលប្រទេសឡាវឈរនៅចំណាត់ថ្នាក់ទី៩។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តល់ជាអនុសាសន៍ថា
«ដើម្បីបន្តរក្សាល្បឿននៃភាពលូតលាស់របស់វិស័យកីឡា
និងដើម្បីទទួលបានជោគជ័យកាន់តែខ្លាំងថែមទៀត ជាពិសេសក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣
ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
និងសហព័ន្ធកីឡាជាតិ គួរបន្តជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាប្រកបដោយគុណភាព
និងវិន័យខ្ពស់ តាមរយៈការពង្រឹងអង្គភាព ស្ថាប័នហ្វឹកហ្វឺនកីឡាជាតិ និងការផ្តល់ឱកាសបន្ថែមទៀត
ដល់ក្មួយៗយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យផ្នែកកីឡា កីឡាករ កីឡាការិនី
គ្រូបង្វឹក និងមន្ត្រីជំនាញកីឡា ទៅសិក្សា និងបណ្តុះបណ្តាលទាំងនៅក្នុងប្រទេស ក៏ដូចជានៅបណ្តាប្រទេសនានាដែលមានជំនាញខ្ពស់ផ្នែកកីឡាទាំងនោះ។
ជាមួយគ្នានេះដែរ ការរៀបចំផែនការមេសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ
គួរត្រូវបានយកចិត្តដាក់ខ្ពស់ដើម្បីឱ្យផែនការមេនេះមានធាតុផ្សំ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ ជាលក្ខណៈវិទ្យាសាស្រ្តផង
និងបច្ចេកទេសកីឡាផង សំដៅពង្រឹងវិស័យកីឡាជាតិឆ្ពោះទៅរកឧត្តមភាព និងសក្តានុពលភាពកាន់តែធំធេងបន្ថែមទៀត»៕
No comments:
Post a Comment