នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានទៅសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានលើកឡើងថា ព្រះមហាក្សត្រ គ្រោងនឹងកោះអញ្ជើញមេបក្សធំៗ៣ ចូលរួមពិភាក្សា អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដោយសម្តេចតេជោ សូមឲ្យសម្តេចក្រុមព្រះ ត្រូវមានជំហររឹងមាំក្នុងការធ្វើនយោបាយ ហើយសម្តេចតេជោក៏បានអំពាវនាវដល់សម្តេចក្រុមព្រះ កុំឱ្យយកព្រះមហាក្សត្រ ធ្វើជាល្បែងលេងសើច នាំឱ្យអាប់អោនដល់ព្រះរាជកិត្តិយសព្រះអង្គ។
សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹត្តបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែនអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ៩១ យាងចូល ៩២ព្រះវស្សា ដែលធ្វើឡើង នៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ ។
សម្តេចបញ្ជាក់ថា ទោះបីសម្តេចក្រុមព្រះជាព្រះរាមរបស់ព្រះករុណាព្រះមហាក្សត្រក៏ដោយ តែរាជានៅកម្ពុជា គឺជារបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនមែនរបស់រាជវង្សអង្គណាឡើយ ។
សូមជំរាបថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធកាលើកឡើងរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងសារព័ត៌មាននានាដែលបានផ្សាយថា «ព្រះមហាក្ស ត្រគ្រោងនឹងកោះហៅមេដឹកនាំគណបក្ស នយោបាយធំៗ ទាំង៣មក ប្រជុំ ពិភាក្សាលើបញ្ហាព្រំដែន»។
ពាក់ព័ន្ធចំណុចនេះ ក្រសួងព្រះបរមរាជវាំង សូមប្រកាសជូនសាធារណជនជ្រាបថា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះ រាជាណា ចក្រកម្ពុជា ព្រះអង្គពុំមានព្រះរាជតម្រិះ ឬមានផែនការកោះហៅ មេដឹកនាំគណបក្សធំៗទាំង៣មកពិភាក្សាអំពីបញ្ហាព្រំដែនឡើយ។
ពាក់ព័ន្ធទៅនឹងគណបក្សសង្គ្រោះជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបដិសេធ មិនសម្របសម្រួលតាមផ្លូវនយោបាយ ដោយប្រើវប្បធម៌សន្ទនាដើម្បីដោះស្រាយករណីសកម្មជនគណបក្សសង្គ្រោះ ជាតិ១១នាក់ នោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេចមិនទទួលជួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមរយៈវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហារបស់សកម្មជនគណបក្សសង្គ្រោះជាតិនោះទេ។
សំណុំរឿងក្តីផ្តន្ទាទោសលើសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១ នាក់នោះ ជារឿងរបស់តុលាការ។ ត្រូវដោះស្រាយតាមផ្លូវច្បាប់ ដោយប្តឹងជំទាស់នៅ តុលាការឧទ្ធរណ៍ ហើយគណបក្សសង្គ្រោះជាតិ ត្រូវរកមេធាវីពូកែៗ ដើម្បីការពារក្តីដោះស្រាយរឿងនេះ។ លោកកឹមសុខា បានចេញពីពន្ធនាគារ ហើយប្រាប់ក្រុមអ្នកកាសែតថា សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១នាក់បានសម្រេចប្តឹងឧទ្ធរណ៍ ជំទាស់នឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី ៧ ឆ្នាំ ទៅ២០ឆ្នាំ ក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ដែលកើតមានអំពើហិង្សារវាងបាតុករ និងក្រុមសន្តិសុខខណ្ឌដូនពេញ។ ក្នុងនោះ ជាមួយនឹងមធ្យោបាយតាមផ្លូវតុលាការ លោកកឹម សុខា ក៏បានប្រកាសថា នឹងប្រើប្រាស់នូវវប្បធម៌សន្ទនា រវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្របសម្រួលករណីសកម្មជនទាំងនោះ៕



No comments:
Post a Comment