Tuesday, September 05, 2023

វិភាគអន្តរជាតិ៖ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣៖ តើគេអាចរំពឹងអ្វីខ្លះ?

FN- (វ៉ាស៊ីនតោន)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន គឺជាអង្គការក្នុងតំបន់មួយដែលមានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១០ ជាសមាជិក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ប្លុកអាស៊ីអាគ្នេយ៍មួយនេះមានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ នៅក្នុង តំបន់។ ឆ្នាំ២០២៣នេះ ឥណ្ឌូណេស៊ីគឺជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឯទីក្រុង ហ្សាការតា ក្នុងសប្ដាហ៍នេះ។

ដោយបានបង្កើតមូលបទស្តីពី «សារៈសំខាន់អាស៊ានជាស្នូលនៃកំណើន ឬ ASEAN Matters: Epicentrum of Growth» ឥណ្ឌូណេស៊ីនឹងដឹកនាំអាស៊ាន ដោយផ្ដោតជាសំខាន់លើបញ្ហាធំៗចំនួន៤ រួមមានការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា, ការដោះស្រាយបញ្ហាប្រឈមនានាដើម្បីជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព សម្របសម្រួលការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត និងការអនុវត្តទស្សនវិស័យអាស៊ានស្ដីពី តំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ចំណែក នៅឯម្ខាងទៀត ទោះបីជាមានភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូងក៏ដោយ ក៏គេមិនរំពឹងឡើយថា ឥណ្ឌូណេស៊ី ឬអាស៊ានអាចនឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងកិច្ចចរចា «សម្រាប់ក្រមប្រតិបត្តិមួយ»។

*​ វិបត្តិមីយ៉ាន់ម៉ា

អស់រយៈពេលជាង២ឆ្នាំមកនេះ បន្ទាប់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា វាបានបង្ហាញយ៉ាងច្បាស់រួចទៅហើយថាអាស៊ានបានបរាជ័យក្នុងការសម្រេចឱ្យបាន នូវភាពជឿនលឿនក្នុងការដោះស្រាយវិបត្តិមួយនេះ។ បរាជ័យនេះក៏ត្រូវបានទទួលស្គាល់ផងដែរដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលបាននិយាយថា «ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រធានអាស៊ានមុនៗ និងប្រទេសជាសមាជិកអាស៊ានទាំងអស់ក៏ដោយ ក៏មិនមានភាពរីកចម្រើនណាមួយក្នុង ការអនុវត្តផែនការសន្តិភាព ៥ចំណុច ឬកុងសង់ស៊ីស៥ចំណុច (5PC) ដោយរបបយោធាមីយ៉ាន់ម៉ានោះទេ។

ដោយសារតែអន្តរជាតិមើលធ្ងន់ និងទុកភារកិច្ចឱ្យអាស៊ាន ដើម្បីស្វែងរកស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូច្នេះ «អវត្តមាននៃភាពរីកចម្រើន» ក្នុងការ ដោះស្រាយវិបត្តិមួយនេះ វាអាចនឹងក្លាយជាការប៉ះទង្គិចមួយយ៉ាងខ្លាំងដល់ «ភាពស្របច្បាប់» របស់អាស៊ាន។ មិនតែប៉ុណ្ណោះខណៈពិភពលោកកំពុងតាម ដានសកម្មភាព ឬចំណាត់ការបន្ទាប់របស់អាស៊ាន ឥណ្ឌូណេស៊ីនឹងត្រូវប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុងការស្វែងរកការឯកភាពគ្នាក្នុងចំណោមរដ្ឋជា សមាជិកទាំងអស់ដើម្បីឈានដល់កិច្ចព្រមព្រៀងថាតើត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្ដេច?

មែនទែនទៅ បរាជ័យនៃកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន មានន័យថាអាស៊ានចាំបាច់ត្រូវការយុទ្ធសាស្ត្រថ្មីផ្សេងពីនេះ។ ប៉ុន្តែ ដោយសារតែការសម្រេចបាន នូវដំណោះស្រាយប្រាកដនិយមមួយ តម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទ ឬកង់សង់ស៊ីសពីសមាជិកទាំងអស់ អាស៊ាននៅសល់ជម្រើសតិចតួចប៉ុណ្ណោះ នៅក្នុង ដៃ។ ឥណ្ឌូណេស៊ីបានទទួលស្គាល់ពីដែនកំណត់នៃការធ្វើការងារនៅក្នុងយន្ដការអាស៊ាន ហើយបានប្រកាសថាខ្លួនបានបើកការចរចាស្ងៀមស្ងាត់ ជាមួយគ្រប់ ភាគីពាក់ព័ន្ធនឹងជម្លោះមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងរបបសឹក កងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងបណ្ដាប្រទេស ក្បែរខាងមួយចំនួន។ កិច្ចចរចាបែបនេះបានធ្វើឡើងចំនួន ៦លើក ដើម្បីព្យាយាមស្ដារដំណើរការសន្តិភាពឡើងវិញ។ ប៉ុន្តែកិច្ចប្រឹងប្រែងនេះមិនទាន់លេចចេញ ជាលទ្ធផលឱ្យគេបានឃើញនៅឡើយទេ។

* កំណើន (សេដ្ឋកិច្ច) ប្រកបដោយចីរភាព

ផ្អែកលើមូលបទស្តីពី «សារៈសំខាន់អាស៊ានជាស្នូលនៃកំណើន ឬ ASEAN Matters: Epicentrum of Growth» ឥណ្ឌូណេស៊ីបានគូសបញ្ជាក់ថាខ្លួនមាន បំណងទាញការផ្ដោតឡើងវិញរបស់អាស៊ានស្ដីពីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងតំបន់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយ ក្រសួងការបរទេសឥណ្ឌូណេស៊ី និងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ ឥណ្ឌូណេស៊ីបានបញ្ជាក់ពីវិស័យសំខាន់ៗចំនួន៤ដែលត្រូវ យកចិត្តទុកដាក់ រួមមាន «សន្តិសុខស្បៀងអាហារ សន្តិសុខថាមពល សុខាភិបាល និងស្ថិរភាពហិរញ្ញវត្ថុ»។

* សមាជិកភាពរបស់ទីម័រខាងកើត

ទីម័រខាងកើត គឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលមិនទាន់ក្លាយជាសមាជិកអាស៊ាន។ កាលពីឆ្នាំ២០១១ ទីម័រខាងកើតបានបង្ហាញពីចំណាប់ អារម្មណ៍ក្លាយជាសមាជិកអាស៊ាន តាមរយៈការដាក់ជូននូវពាក្យស្នើសុំចូលជាសមាជិកអាស៊ានជាផ្លូវការ។ បន្ទាប់ពីនោះមក ទីម័រខាងកើតទទួលបានឋានៈជា រដ្ឋអង្កេតការណ៍ និងកំពុងបំពេញឱ្យគ្រប់លក្ខខណ្ឌដើម្បីអាចចូលជាសមាជិកពេញលេញ​ ដូចជាការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ឱ្យលើសពីការពឹងផ្អែកលើធនធានប្រេង និងឧស្ម័ន។

ក្នុងឆ្នាំ២០២២ អាស៊ានបានយល់ព្រមជាគោលការណ៍ ក្នុងការទទួលយកទីម័រខាងកើតជាសមាជិក ហើយនៅក្នុងឆ្នាំ២០២៣នេះ ឥណ្ឌូណេស៊ីបានប្រកាសពី ផែនការដើម្បីឆ្ពោះទៅរកការសម្រេចឱ្យបាននូវសមាជិកភាពរបស់ទ័ម័រខាងកើតក្នុងអាស៊ាន។ ចំណែក សេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយនៅឯចុងបញ្ចប់ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣ ដែលទីម័រខាងកើតបានចូលរួមក្នុងនាមជារដ្ឋអង្កេតការណ៍ជាលើកដំបូងនោះ បានប្រកាស ពីការគាំទ្ររបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយនេះ និងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការជួយគាំទ្រដល់ទីម័រខាងកើត ក្នុងការសម្រេច ឱ្យបានគ្រប់លក្ខខណ្ឌ ដើម្បីទទួលបានសមាជិកភាពពេញលេញ។

* ទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)

ត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ AOIP មានគោលដៅពង្រឹងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ និងផ្ដល់សន្ទុះថ្មីសម្រាប់យន្ដការ អាស៊ានដែលមានស្រាប់។ តួយ៉ាងដូចជា ក្របខណ្ឌអាស៊ានបូក៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា សំដៅជួយសម្រួលដល់កិច្ចសន្ទនា និងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្រោម AOIP ជាជំហានដំបូង អាស៊ានគួរតែផ្ដោតលើវិស័យអាទិភាពចំនួន៤ រួមមានកិច្ចសហប្រតិបត្តិការ សមុទ្រ ការផ្សារភ្ជាប់ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃទៀត។

* ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង

ជម្លោះទឹកដីក្នុងតំបន់សមុទ្រចិនខាងត្បូងរវាងចិន និងប្រទេសជាសមាជិកអាស៊ានមួយចំនួន បាន និងកំពុងបង្កឱ្យមានភាពតានតឹង និងការកើនឡើងនៃ សកម្មភាពយោធាក្នុងតំបន់។ កិច្ចប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយ នឹងត្រូវជួបបញ្ហាប្រឈមជាច្រើន ខណៈមហាអំណាចខាងក្រៅដូចជា សហរដ្ឋអាមេរិក និងប្រទេសមិនមែនជាភាគីជម្លោះមួយចំនួនបានបង្កើនការចូលរួមរបស់ពួកគេ។ ជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង បាន និងកំពុងបង្កជា ភាពស្មុគស្មាញយ៉ាងខ្លាំងដល់ស្ថិរភាពតំបន់ សេរីភាពធ្វើនាវាចរណ៍ និងតុល្យភាពអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចចរចាសម្រាប់ក្រមប្រតិបត្តិ Code of Conduct (CoC) ក្នុងតំបន់សមុទ្រចិនខាងត្បូង បានចំណាយពេលចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ។

សេចក្ដីថ្លែងការណ៍កន្លងមកចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌូណេស៊ី បានបង្ហាញថាអាទិភាពសម្រាប់កិច្ចចរចាស្ដីពីព្រំដែនសមុទ្រ ក្នុងនោះរួមមាន កិច្ចចរចាទ្វេភាគីជាមួយម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសដែនកោះប៉ាឡាវ (Palau)។ នេះអាចមានន័យថាឥណ្ឌូណេស៊ីនឹងកំហិតលើទំនុកចិត្តរបស់ខ្លួន នៅក្នុង កិច្ចចរចាពហុភាគីស្ដីពីជម្លោះដែនសមុទ្រ ហើយប្រហែលជានឹងផ្ដោតជាសំខាន់លើកិច្ចចរចាផ្អែកលើមូលដ្ឋានទ្វេភាគី។ ដូចការរំពឹងទុក កិច្ចចរចារវាងអាស៊ាន និងចិន កាលពីខែមីនា ឆ្នាំ២០២៣ មិនអាចសម្រេចបាននូវលទ្ធផលផ្លែផ្កានោះឡើយ ហើយសេចក្ដីថ្លែងការណ៍មួយរបស់ចិន នៅពេលនោះ បានផ្តោតលើ «គម្រោងនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង» នៅក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន ព្រមទាំងប្រតិបត្តិការ ជួយសង្រ្គោះ និងស្វែងរក ដោយមិនបានលើកឡើងពី CoC នោះទេ៕



No comments:

Post a Comment