Tuesday, January 26, 2016

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏ដូចជាប្រទេសកម្ពុជាបានថ្កោលទោសដល់ប្រទេសកូរ៉េខាងជើងដែលបានបាញ់អាវុធធុនធ្ងន់គំរាមកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានកិច្ចចរចាផ្លូវការរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ចន ឃឺរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃគឺពីថ្ងៃទី២៥និង២៦ខែមករា។

នៅក្នុងជំនួបចរចាទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តម ចន ឃើរី (John Kerry) បានកោតសរសើរចំពោះការរីកចំរើននៅកម្ពុជា និងកោតសរសើរដល់ដំណើរការរីកចំរើនរបស់សាលាក្តីខ្មែរក្រហម ដើម្បីឲ្យមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវចំពោះការសម្លាប់ពលរដ្ឋខ្មែរដោយឯកឧត្តមបានបញ្ជាក់ថាប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ចំរើនយ៉ាងច្រើន។ហើយឯកឧត្តមមានសេចក្តីរីករាយ ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមធ្លាប់បានធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍បានលឿនគួរអោយកត់សំគាល់ ដោយឯកឧត្តមរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យបរិស្ថាន សុខាភិបាលនិងទន្លេមេគង្គ ព្រមទាំងបញ្ហាជាច្រើនទៀតទាក់ទងសន្តិសុខក្នុងតំបន់។

ឯកឧត្តម ឩបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានបន្ទាប់ពីចប់កិច្ចចរចាផ្លូវការឲ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ចន ឃែរី (John Kerry) បានសរសើរពីការរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងបានស្នើឲ្យប្រទេសដែលពាក់ព័ន្ធនិងជម្លោះសមុទ្រចិនខាងត្បូងចូលតុចចរចាគ្នាដោយសន្តិភាព និងសន្តិវិធី និងរួមគ្នាធ្វើ C.O.C ឲ្យបានឆាប់បំផុត ពីព្រោះអាមេរិកមិនបានកាន់ជើង ឬគាំទ្រប្រទេសណាមួយដែលពាក់ព៏ន្ធក្នុងជម្លោះដែនសមុទ្រខាងត្បូងឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៏បន្តថា៖ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏ដូចជាប្រទេសកម្ពុជាបានថ្កោលទោសដល់ប្រទេសកូរ៉េខាងជើងដែលបានបាញ់អាវុធធុនធ្ងន់គំរាមកូរ៉េខាងត្បូង និងជំរុញឲ្យមេដឹកនាំកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងជាមួយប្រទេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។


អត្ថបទ៖ សាវឿន

No comments:

Post a Comment