លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានចាត់ទុកថាជំនួបនេះជាឱកាសមួយដែលធ្វើឱ្យភាគីទាំងពីរអាចបង្កើននូវការយល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀតទៅលើបញ្ហាការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាក្នុងរយៈកាលកន្លងមកនេះ ហើយការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ វាជាកត្ដាចម្បង និងជាកត្ដាសំខាន់បំផុត ក្នុងការធានានូវសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ព្រោះថាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍គឺជាលក្ខខណ្ឌចាំបាច់ដំបូងបំផុតនៅកម្ពុជា ដើម្បីធានាឱ្យមានការរីកចម្រើននៅលើផ្នែកសិទ្ធិផ្សេងៗទៀត ពិសេសគឺសិទ្ធិនយោបាយ ដែលរាជរដ្ឋាភិបាលមានការទទួលខុសត្រូវ ក្នុងការថែរក្សាឱ្យបាននូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយប្រការនេះហើយដែលកម្ពុជាមិនអាចទទួលយកបាននូវសកម្មភាពណា ឬក៏ការថ្លែងណាមួយដែលមានលក្ខណៈជាការបំពានទៅដល់ឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា។
ប្រមុខការទូតកម្ពុជា ក៏បានលើកឡើងអំពីក្នុងការខិតខំនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការរៀបចំការបោះឆ្នោត ក្នុងពេលខាងមុខឱ្យប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ និងតម្លាភាព ជម្រាបជូនលោកស្រី រ៉ូណា ស្មីត ផងដែរ។
នៅក្នុងជំនួបនោះដែរ បើទោះបីមានការយល់ខុសគ្នាលើបញ្ហាខ្លះក៏ដោយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសការរីកចម្រើន ខាងផ្នែកសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។ លោកស្រីបានគូសបញ្ជាក់ពីការទទួលស្គាល់ របស់លោកស្រី អំពីសារៈសំខាន់នូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា និងសារៈសំខាន់ នៃសន្ដិភាព និងស្ថិរភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីបានបញ្ជាក់អំពីសារៈសំខាន់ នៃសិទ្ធិមនុស្សក្នុងការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ៕


No comments:
Post a Comment