លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ឥឡូវនេះបច្ចេកវិទ្យាគឺជឿនលឿនហើយ គឺច្បាស់ជាជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៃការលូតលាស់នៃប្រទេសនានា ក៏ប៉ុន្តែបញ្ហាត្រូវគិតឱ្យច្បាស់នៅត្រង់ចំណុចនេះថា បើមនុស្សយន្តធ្វើការជំនួសមនុស្សទៅហើយ តើមនុស្សមានការងារធ្វើពីណាទៀត។ នោះហើយជាបញ្ហាសង្គមដែលវានឹងកើតនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ វានឹងលេចចេញនូវបញ្ហានេះ។ នេះមិនមែនជាបញ្ហាដាច់ដោយឡែកនោះទេ តែវាជាបញ្ហាប្រឈមមួយ នៅក្នុងបញ្ហាដែលយើងហៅថា សំណាញ់សុវត្ថិភាពសង្គម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ឥឡូវនេះ សម្រាប់ឧស្សាហកម្មនៅកម្ពុជា គឺកំពុងតែដំណើរការឧស្សាហកម្មអតិពលកម្ម ស្របពេលដែលកម្ពុជាដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលមានទិសដៅទាញយកឧស្សាហកម្មដែលមានការកែច្នៃនិងមានតម្លៃបន្ថែម និងឧស្សាហកម្មដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា នៅពេលដែលកម្ពុជាឈានដល់ចំណុចនោះហើយ ចំណុចដែលយើងត្រូវគិតគូរជាមុនអំពីវិធានការទាំងឡាយដើម្បីធានាថា ពលរដ្ឋដែលបានបាត់បង់ការងារធ្វើដោយសារតែបច្ចេកវិទ្យាជឿនលឿននេះ នឹងមិនត្រូវបានដាក់ឱ្យនៅក្រៅដំណើរការនៃការរីកលូតលាស់នៃសង្គមនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា និន្នាការសាកលកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយស្ថានភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងបច្ចេកវិទ្យានាំចូល ការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុក និងការចាប់យក បច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា កំពុងមានសន្ទុះកើនឡើង និងកំពុងចាក់ឫសជ្រៅបន្តិចម្តងៗនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ស្របគ្នាទៅនឹងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជាផងដែរ៕

No comments:
Post a Comment