មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិរក្ស និងអភិវឌ្ឍ ICC ព្រះវិហារ គឺធ្វើឡើងស្របតាមសាលដីការបស់តុលាការអន្តរជាតិ ក្រុងឡាអេឆ្នាំ១៩៦២ និងការបកស្រាយសាលក្រមឆ្នាំ២០១៣ គឺមិនមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា‑ថៃ ក៏ដូចជាបញ្ហាព្រំដែនរបស់ប្រទេសថៃនោះឡើយ។
ក្នុងជំនួបពិភាក្សាការងារនៅវិមានមិត្តភាពកាលពីថ្ងែទី១៤ខែតុលា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ភាគីថៃ ឯកឧត្តម Nattavudh Photisaro អគ្គលេខខាធិការរងក្រសួងការបរទេសថៃ អំពីការបង្កើតគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៏រមណីយដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារ(ICCព្រះវិហារ)ថា គណៈកម្មាធិការនេះបំពេញតួនាទីរបស់ខ្លួនដោយឈរលើបទដ្ឋានគតិយុត្តិ ច្បាប់ជាតិ និងអន្តរជាតិ និងការងារបច្ចេកទេសផ្នែកបេតិកភណ្ឌទទួលដែលស្គាល់ដោយអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន បានជំរាបជូនដល់ភាគីថៃថា « សូមកុំឲ្យមានការព្រួយ បារម្ភ អំពីគម្រោង (ICCព្រះវិហារ) ពីព្រោះគម្រោងនេះមិនធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាថៃនោះទេ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសថៃនោះដែរ គម្រោងICCព្រះវិហារនេះ ធ្វើទៅតាមក្របខណ្ឌដែលអង្គការយូណេស្កូបានទទួលស្គាល់តាំងពីឆ្នាំ២០០៨មកម្លេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្ថែមថា ការសម្រេចបង្កើតICCព្រះវិហារ គឺតម្រូវឲ្យមានសមាជិក៧រូប ក្នុងនោះក៏មានភាគីថៃជាសមាជិកមួយរូបផងដែរ។ សមាជិកទាំង៧នៃ ICCព្រះវិហារនេះ មានសិទ្ធិជជែកជាចំហរចំពោះកិច្ចការទាក់ទងនឹងការអភិរក្ស អភិវឌ្ឍន៏ និងជួសជុលរមនីយដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារនេះ។ ដូច្នេះ រាល់គម្រោងដែលICCព្រះវិហារត្រូវធ្វើគឺគោរពតាមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេឆ្នាំ១៩៦២(ICJ) និងស្របតាមការបកស្រាយសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមកនេះ។
ក្នុងខ្លឹមសារសាលដីកានោះបានបកស្រាយច្បាស់ថា ភាគីថៃមិនត្រូវរារាំងឬទប់ស្កាត់កម្ពុជាក្នុងការអភិរក្ស និងអភិវឌ្ឍន៏រមនីយដ្ឋានព្រះវិហារនេះឡើយ រីឯកម្ពុជា គឺមានសិទ្ធិពេញលេញក្នុងការការពារ កសាង និងអភិរក្សប្រាសាទព្រះវិហារបស់ខ្លួន។
សូមបញ្ចាក់ថា សាលដីកាឆ្នាំ១៩៦២នេះ បានសម្រេចយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងអធិបតេយ្យភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ថៃត្រូវតែដកឆ្នាំការពារពីតំបន់ព្រះវិហារចេញ ហើយក៏តម្រូវឲ្យភាគីថៃត្រូវសងវត្ថុបុរាណដែលថៃបានលួចយកពីប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញផងដែរ៕
អត្ថបទដោយ៖ សុវណ្ណាតារា
No comments:
Post a Comment