Wednesday, August 22, 2018

អភិបាលខេត្តប៉ៃលិនបើកការដ្ឋានកសាងផ្លូវបេតុង ១ខ្សែនិងកាយប្រឡាយដាក់លូបង្ហូរទឹក នៅភូមិចំនួនពីរ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

ប៉ៃលិន៖ ភូមិចំនួនពីរគឺភូមិតាង៉ែនលើ និងភូមិប៉ាហ៊ីត្បូង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានកសាងផ្លូវបេតុង និងកាយប្រឡាយដាក់លូបង្ហូរទឹក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃ​លិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្រោមមាគ៌ាដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើមលើគ្រប់វិស័យ ហើយជាក់ស្តែងនៅថ្ងៃនេះរដ្ឋបាលខេត្ត បានបើកការ ដ្ឋានជួសជុលផ្លូវប៉េតុង ១ខែ្ស និងបើកការដ្ឋានកាយប្រ​ឡាយដាក់លូបង្ហូរទឹក នៅក្នុងសង្កាត់ ប៉ៃលិននេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តក្រុងប៉ៃលិន ឱ្យបានកាន់តែល្អប្រសើរឡើង។
លោកអភិបាលខេត្តប៉ៃលិន ក៏បានបញ្ជាក់ថា ការកសាងសមិទ្ធផលនាថ្ងៃនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅមុនពេលបោះឆ្នោត ហើយបន្ទាប់ពីគណបក្សប្រជាជនម្ពុជា បានជាប់ឆ្នោតបន្តដឹកនាំរាជរដ្ឋាភិបាលអណត្តិទី៦នេះ រដ្ឋបាលខេត្តប៉ៃលិននឹងខិតខំបន្តចុះជួយដោះស្រាយនូវរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ លោក ក៏បានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវកំពុងកសាង មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណៈការខេត្ត ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងដែរថា ផ្លូវចាក់បេតុង១ខ្សែនេះ ឈ្មោះផ្លូវ ១០៦ C ឬ ហៅថាផ្លូវផ្ទះយាយកំពត  ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានប្រវែង ៣៨៤ម៉ែត្រ ទទឹង ១១.៦ម៉ែត្រ  និងកាយប្រឡាយដាក់លូបង្ហូរទឹក នៅតាមបណ្តោយផ្លូវបេតុង លេខ ១០៦ ប្រវែង ៣០០ម៉ែត្រ ខ្នាតលូ ៨០ ដោយរំដោះទឹកពីភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទម្លាក់មកស្ពានមេម៉ាយ ដោយប្រើប្រាស់កញ្ចប់ថវិការបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន៕




No comments:

Post a Comment