Wednesday, August 18, 2021

អង្ករចំនួន ១៨តោន ជាអំណោយមនុស្សធម៌របស់លោក អ៊ុក រ៉ាប៊ុន ដើម្បីចែកជូនប្រជាពលរដ្ឋ ជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១  លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្ត អញ្ជើញចូលរួមអមដំណើរលោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាំយកអង្ករ១៨តោន របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។
លោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ លោករដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង០៩ សូមយកអំណោយរបស់លោក អ៊ុក រ៉ាប៊ុន យកទៅបែងចែក ឬផ្ដល់ជូនក្រុមគ្រួសារប្រជាពលរដ្ឋជួបការលំបាក ជាពិសេសប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ពោលគឺត្រូវបែងចែកឱ្យចំគោលដៅ និងប្រកបដោយតម្លាភាព។

លោក ក៏បានជម្រុញដល់អាជ្ញាធរឃុំទូទាំងស្រុកត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់និងម៉ត់ចត់បំផុតនូវចំនួនប្រជាពលរដ្ឋដែលចំណូលថ្មី ព្រមទាំងបន្ដជម្រុញផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ធ្វើយ៉ាងដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩។ ជាងនេះទៅទៀត ដោយក្នុងបរិការណ៍កូវីដ-១៩ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ៕




 

No comments:

Post a Comment