Monday, June 05, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញចំណុចពីរដែលបញ្ជាក់ថា បក្សប្រជាជននៅតែឈ្នះ ហើយបក្សប្រឆាំងនៅតែចាញ់

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកដោយបញ្ជាក់នូវហេតុផលជារួមថា ទោះជាយ៉ាងណាគណបក្ស ប្រជាជនកម្ពុជា នៅតែជាគណបក្សឈ្នះឆ្នោត ហើយគណបក្សប្រឆាំងនៅតែជា គណបក្សចាញ់ដដែល។

ខាងក្រោយនេះជាខ្លឹមសារទាំងស្រុង ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយ៖ បន្ទាប់ពីការបោះឆ្នោតប្រកបដោយជោគជ័យហើយ ថ្ងៃនេះ ខ្ញុំសុំហាត់កីឡាសិន ព្រោះមិនបានបែក ញើសរយះពេល៣សប្តាហ៍រួចមកហើយ។
យប់មិញមានមនុស្សមួយចំនួនចេញមកអះអាងថា គណបក្ស ប្រជាជនចាញ់ឆ្នោត។ នេះពិតជាមនស្ស ស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលមែន។ ខ្ញុំមិនឆ្លើយតបចំពោះការឃោសនាអកុសល នោះទេ តែគ្រាន់តែបង្ហាញលើចំណុចពីរ៖
១.ផែនការគ្រប់គ្រងសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអង្គបោះឆ្នោត ព្រឹទ្ធសភាដើម្បី គ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្រ បានបរាជ័យរួចទៅហើយ។ គេឃោសនាថា ឆ្នាំ២០១៧ យក ឃុំ សង្កាត់ និងព្រឹទ្ទសភា ឆ្នាំ២០១៨ នឹងយកសភា។ ពេលខាង មុខគណបក្សប្រជាជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។

២.សម្លេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀប នឹងការបោះឆ្នោតឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្សប្រជាជនទទួលបានចំនួន 3,529,400សម្លេង ស្មើ51,39% កើនឡើងជាង ៣០ម៉ឺនសម្លេង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣។ សម្លេងបក្សផ្សេង សង្ឃឹមថាបក្សទាំងនោះ នឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភាដែលអាចបញ្ជាក់ច្បាស់រួចទៅហើយ ថាគណបក្សប្រជាជន នឹងនៅតែជាគណបក្ស មានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សម្លងឆ្នោត ឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសម្លេងឆ្នោតពេលនេះប៉ុន្មាននោះទេ។
សុំអរគុណ និងជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក សមាជិការគណបក្សប្រជាជន ទាំងអស់ដែលនាំបក្សមកកាន់ជោគ ជ័យជាថ្មីម្តងទៀត៕



No comments:

Post a Comment