Monday, June 05, 2017

វិភាគសង្គម៖ អ្វីខ្លះអ្នកបានយល់លើលទ្ធផលបោះឆ្នោតឃុំ-សង្កាត់២០១៧ ?

ស្របពេលដែលការបោះឆ្នោតបានបញ្ចប់ដោយភាពរលូននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ លទ្ធផល​បឋមមិនទាន់ផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅបន្តឈ្នះនាំមុខលើគណបក្សសង្រ្គោះជាតិយ៉ាងច្រើន បើប្រៀបធៀបសម្លេងឆ្នោតកាលពីឆ្នាំ២០១៣។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បែរជាប្រកាសថា ទទួលជោគជ័យលើការបោះឆ្នោតឆ្នាំ២០១៧នេះ។
ដើម្បីពន្យល់អំពីការប្រៀបធៀបដល់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់អំពីការកើនសម្លេង និងថយសម្លេងឆ្នោត រវាងគណបក្សធំៗទាំងពីរនេះ, លោក ឃុន ប៊ុននី ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាអតីតមន្រ្តីរបស់អង្គការសហប្រជាប្រជាជាតិ បច្ចុប្បន្នជាអ្នកផ្តល់ការប្រឹ​ក្សាយោបល់ដល់អង្គការសង្គមស៊ីវិលមួយចំនួនធំនៅកម្ពុជា បានចេញមកពន្យល់អំពីលទ្ធផលនេះ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាទីប្រឹក្សាអង្គការសង្គមស៊ីវិលរូបនោះ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖ ជា​ដំបូងខ្ញុំសូមអបអរសាទរជាមួយគណបក្សធំទាំងពីរ ខ្ញុំយល់ថាការសម្រេចចិត្តធំរបស់ប្រជាជនពិតជាត្រឹមត្រូវល្អ ហើយតាមការគិតទុករបស់ខ្ញុំ គណបក្សប្រជាជនកម្ពុជា នៅរក្សាលើស១,១០០ឃុំ-សង្កាត់ ហើយគណបក្សសង្រ្គោះជាតិ អាចក្រោម៥៥០ ឥឡូវមិនគ្រប់ត្រឹម៥០០ផង មានការលើកឡើងថា ហេតុអ្វីយកមកប្រៀបធៀបឆ្នាំ២០១៣ ចម្លើយខ្លីកាលពីឆ្នាំ២០១២ សង្គ្រោះជាតិ គឺនៅមិនទាន់ចាប់កំណើតនៅឡើយ។
 A) សូមមើលទិន្ន័យប្រៀបធៀបឆ្នាំ២០១៣ ជាឆ្នាំសង្គ្រោះជាតិ (មានភាពខុសគ្នារវាងបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិ ប៉ុន្តែយើងអាចសាកល្បងយកមកប្រៀបធៀបរបៀបនេះបាន) ៖
* ឆ្នាំ២០១៣ CPP មានអសនៈក្នុងរដ្ឋសភា ៦៨/១២៣ ស្មើ៥៥%
* ឆ្នាំ២០១៣ CNRP មានអសនៈសភា ៥៥/១២៣ ស្មើ៤៥%
CPP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៦៨/១២៣) យក១៦៤៦ x ៥៥% ស្មើ ៩១០ ឃុំសង្កាត់។ លទ្ធផលជាក់ស្តែង២០១៧ CPPបានទទួល១១៦៣ឃុំមានន័យថាទទួលបានលើសពីអាណត្តិមុន។ CNRP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៥៥/១២៣) ស្មើ១៦៤៦ x ៤៥% ស្មើ ៧៣៦ ឃុំសង្គាត់។ លទ្ធផលឆ្នាំ២០១៧ ទទួលបានត្រឹម៤៨២ឃុំ មានន័យថា បាត់បង់ច្រើនជាងមុនជិតពាក់កណ្តាល។
 B) សាកល្បងវិភាគរួមគ្នាពីលទ្ធផលនៃការយល់ឃើញវិញ៖
១៖ សម្រាប់ខ្ញុំ CPP នៅតែបន្តឈ្នះលើសលប់ នេះមានន័យថា អ្នកដែលប្រជាជនបោះឆ្នោតជូន មិនមែនបោះឲ្យបក្សទេ គឺបោះឱ្យបុគ្គលដែលគាត់ស្រឡាញ់ ដូច្នេះCPP នៅមានមនុស្សជាទីស្រឡាញ់របស់ប្រជាជនច្រើន និងច្បាស់ណាស់ថា ពួកគាត់ពិតជាបានធ្វើកិច្ចការច្រើនជូនប្រជាជនគាត់ហើយ ទើបប្រជាជននៅមានការគាំទ្រច្រើនលើសលប់បែបនេះ។
២៖ CNRP ទោះចាញ់សម្លេងគាំទ្រឆ្នាំ២០១៣ ប៉ុន្តែគាត់ទទួលបានកៅអីក្នុងឃុំជិត៥០០ដែរ ដែលពីមុនមានតិចបំផុតនោះ នេះវាបង្ហាញពីការជ្រើសរើសថ្មីសម្រាប់ប្រជាជន។ ការជ្រើសរើសនៅពេលនេះ ជារឿងមួយប៉ុន្តែនៅពេលធ្វើកិច្ចការអាចជារឿងផ្សេងមួយទៀតពិបាកនឹងអនុវត្តតម្រូវចិត្តប្រជាជនបន្តិច ព្រោះថាមេឃុំចៅសង្កាត់CNRPនៅថ្មីអាចខ្វះបទពិសោធន៍។
 C) អ្វីដែលជាទ្ធផលនឹងឆ្លុះបញ្ចាំងការបោះឆ្នោតឆ្នាំ២០១៨?
១៖ ចូរចាំថាមេឃុំ CPP គឺជាមេឃុំចាស់មានបទពិសោធន៍ល្អ និងមានទំនាក់ទំនងល្អរួចជាស្រេចជាមួយប្រជាជននិងរដ្ឋ។
២៖ ត្រូវយល់ដែរថា មេឃុំថ្មី CNRP ជាមេឃុំទើបតែជ្រើសរើសនៅថ្មីខ្វះបទពិសោធន៍ ប៉ុន្តប្រជាជនបានផ្តល់ទំនុកចិត្តហើយ ប៉ុន្តែត្រូវចងចាំដែរថា គាត់ត្រូវទទួល រ៉ាប់រងឆ្លើយតបតម្រូវការប្រជាជនបោះឆ្នោតឱ្យគាត់ក្នុងរយះពេល១ឆ្នាំដំបូង មុននិងដល់ការបោះឆ្នោតជាតិ។ ពិតជាមិនមែនរឿងងាយស្រួលទេ ព្រោះជាបន្ទុកដ៏ធ្ងន់ហើយបទពិសោធន៍នៅតិច និងណាមួយគាត់ស្ថិតក្រោមអំណាចចៅហ្វាយស្រុក, ខេត្ត និងរដ្ឋាភិបាលដែលដឹកនាំដោយ CPP ។ មិនចោទលើការប្រកាន់បក្សណាទេតែចំណុចនេះអ្នករាល់គ្នាអាចយល់ព្រោះចង់មិនចង់ការងារមិនមែនរលូនដូចការគិតនោះទេ។
៣៖ ការដោះស្រាយលើបញ្ហានៅមូលដ្ឋាន និងសេវាកម្មនានាដែលជាតម្រូវការប្រជាជន នឹងធ្វើឱ្យមេឃុំ CNRP ថ្មីនឹងជួបបញ្ហាដោយជៀសមិនរួច! រឿងសំរាម លូស្ទះ ប្រឡាយអត់ហូរទឹកលិចផ្លូវ ស្ទះចរាចរចរ និងភូមិឃុំមានសុវត្ថិភាពហើយ និងការបង់ថ្លៃសេវាកម្មរដ្ឋបាលសារធារណៈតាមឃុំសង្កាត់។ល។
និយាយជារួម អ្វីដែលគាត់ធ្លាប់បន្ទោសមេឃុំ CPP ធ្វើមិនកើតបានមកដល់ដំណាក់កាលគាត់ធ្វើម្តង ហើយប្រជាជន និង CPP ពួកគេនឹងដើរតួនាទីជាអ្នកថា និងបន្តោសម្តងសម្រាប់មេឃុំថ្មី CNRP ៤៨២នេះ។ ពេលនោះអ្នកធ្វើនិងអ្នកថា បានដូរតួនាទីគ្នាវិញម្តង ហើយពួកគេនឹងដូរតួនាទីគ្នាឆ្លងកាត់កិច្ចការដ៏ច្រើន​ ហើយអ្នករាល់គ្នាប្រហែលជាច្បាស់លើលទ្ធផលមិនខាន។
ពិត​ណាស់ហើយ ឃុំសង្កាត់ដែល CPP បានបាត់បង់ គឺជាអ្វី១ សំខាន់បំផុតដែលគណបក្សនេះ ត្រូវចេះវះកាត់ជៀរចោលនូវសាច់ផុតស្អុយមួយចំនួនជាជាងអោបក្រសោប ​និងលាក់បាំងនូវចំណុចខ្វះខាតរបស់ពួកគេ។ តាមការមើលលភូមិសាស្ត្រ ភូមិឃុំដែលចាញ់ ស្ទើរតែទាំងអស់ពាក់ព័ន្ធនឹងតំបន់កសាងថ្មី និងចាស់ដែរដែលសេវាសាធារណៈរដ្ឋមិនត្រូវបានឆ្លើយទាន់ពេលវេលា និងការមិនយកចិត្តទុកដាក់របស់អជ្ញាធរ។ ដូច្នេះវាជាមេរៀនដ៏ឈឺចាប់មួយដែលដាច់ខាតគេត្រូវពង្រឹងឡើងវិញ បើសិនសំលឹងទៅរកជោគជ័យលើសលប់នាឆ្នាំ២០១៨នោះ។
 ៤៖ ការសន្យានៃបក្សសង្គ្រោះជាតិលើថវិកាជួយដល់ឃុំសង្កាត់ នឹងក្លាយជារបៀបវារៈដ៏ពេញនិ​យមចាប់ពីថ្ងៃនេះតទៅហើយ។ ប្រាក់៥០ម៉ឺនដុល្លារ ដែល CNRP សន្យាជូនមេឃុំគឺជារឿងបោកប្រាស់សុទ្ធសាធហើយម្នាក់ៗនឹងបានក្លាយជាសាក្សីគ្រប់ៗគ្នា។ ហេតុអ្វីបោកប្រាស់ព្រោះ​​ថា ការទម្លាក់ថវិកាទៅឃុំសង្កាត់ធ្វើឡើងដោយរដ្ឋាភិបាលដឹកនាំដោយ CPP មិនមែនដោយ​ CNRP នោះទេ។ ដូច្នេះបើរដ្ឋាភិបាលមិនអនុម័តថវិកានេះ វាមិនមែនជាកំហុសរបស់រដ្ឋាភិបាលដែរ តែជាកំហុស CNRP ដែលខំប្រឹងប្រែងនិយាយឱ្យតែរួចខ្លួន មិនទទួលខុសត្រូវ ហើយភ្លេចគិត ពីបរិបទជាក់ស្តែងបែបវិទ្យសាស្ត្រថា គ្មានថ្ងៃធ្វើទៅបាននោះ។ មានការពន្យល់ថា ៥០ម៉ឺនគឺនៅពេលឈ្នះការបោះឆ្នោតជាតិនាឆ្នាំ២០១៨តែប៉ុណ្ណោះ។ កាន់តែខុសហើយ!!បើពិតដូច្នេះមែន ហេតុអ្វីយកមកឃោសនាពេលបោះឆ្នោតឃុំសង្កាត់? សូមឆ្លើយបញ្ជាក់ថា បើទោះជាគាត់ឈ្នះការបោះឆ្នោតជាតិទាល់តែ CNRP អាចទទួលបានជ័យជំនះ១០០% ទើបការអនុម័ត៥០ម៉ឺន ជូនឃុំសង្កាត់ គ្មានជួបញ្ហានៅក្នុងសភាជាតិក្នុងរឿងអនុម័តថវិកាជាតិពិតណាស់រឿងអាចឈ្នះ១០០% វាមិនអាចទៅរួចសោះឡើយ។
 ៥៖ ត្រង់ចំណុចវិភាគពី១ដល់៤ វាជាសេណារីយ៉ូ ដែលនឹងបញ្ជាក់ជាថ្មីថា CPP នឹងបន្តកាន់តែមានប្រៀបខ្លាំងបន្ថែមលើកិច្ចការខ្លួនជាពិសេសទាក់ទាញ អ្នកគាំទ្រខ្លួនកាន់តែលើសលុបនាឆ្នាំ២០១៨ ហេតុអ្វី? ដូចជម្រាបជូនខាងលើ មេឃុំចៅសង្កាត់ CPP គាត់មានបទពិសោធន៍ និងស្នាដៃស្រាប់ ដូច្នេះគ្មានការប្រឈមនឹងការត្រូវឆ្លើយតបតម្រូវការប្រជាជន និងសេវាសាធារណៈច្រើនទេ ព្រោះគាត់បានធ្វើពីមុនរួចហើយនិងគ្រាន់តែបន្តរក្សាកិច្ចការកុំឱ្យតែមានការធ្លាក់ចុះវិញ! ១ចំណុចទៀត ការបោះឆ្នោតជាតិឆ្នាំ២០១៨ មិនមែនជាការជ្រើសរើសបុគ្គលដូចបោះឆ្នោតឃុំសង្កាត់ដែរ ប៉ុន្តែជាការជ្រើសបក្សជារឿងរបស់សន្តិភាព ការអភិវឌ្ឍ និងអនាគតប្រ​ទេសជាតិ ប្រជាជនអាចមានការពិចារណាខុសគ្នាពីលើកនេះ។ បើត្រូវជ្រើសរើសបុគ្គលនិងបុគ្គលវិញ ពិតណាស់ លោក កឹម សុខា មិនអាចប្រៀបធៀបសម្តេច​តេជោបានដែរ ព្រោះតែបទពិសោធន៍និងស្នាដៃខុសគ្នាមេឃនិងដី។

 អត្ថបទវិភាគសង្គមគ្រាន់ពិចារណា, ដោយ៖ ឃុន ប៊ុននី





No comments:

Post a Comment