Wednesday, September 17, 2014

រាជ​រដ្ឋាភិបាលប្រារព្ធទិវា​អន្តរជាតិ​ ស្តីពីកិច្ចការពា​ស្រទាប់​អូហ្សូន


នៅរាធានី​ភ្នំពេញ ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៤​នេះ រាជរដ្ឋាភិបាល បានប្រារព្ធទិវា​អន្តរជាតិ ស្តីពី ​កិច្ចការពារ​ស្រទាប់អូហ្សូន​ ក្រោម​ប្រធានបទ «កិច្ចការពារ​ស្រទាប់អូហ្សូន ។ 
នេះ​គឺ​ជាបេសកកម្ម​ឆ្ពោះ​ទៅមុខ (Ozone Layer Protection: The Mission goes on)»ដើម្បី​ចូលរួម​ជាមួយ​សហគមន៍អន្តរជាតិ​ក្នុងនាមជា​ប្រទេសភាគី​នៃពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី ​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និងបំផុស​ស្មារតី​ប្រជាពលរដ្ឋ ឱ្យស្រឡាញ់​បរិស្ថាន ក៏​ដូចជា​ចូលរួម​ថែរក្សា​ស្រទា​ប់​អូហ្សូន​នៅលើភពផែនដី​របស់យើង។

ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តម ខៀវ​ មុត រដ្ឋលេខាធិការក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍ថា ​រាជរដ្ឋា​ភិបាល​កម្ពុជា​ជានិច្ច​ជា​កាល​បាន​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុងការអនុវត្ត​នូវកាតព្វកិច្ច​របស់ខ្លួន ក្នុងនាម​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា និងពីធីសារអន្តរជាតិ​នានា ក្នុងនោះ​ចាប់ពីឆ្នាំ២០០១​មក​រួមមាន៖ អនុសញ្ញា​វីយ៉ែន ស្តីពី ​កិច្ច​ការពារ​ស្រទាប់​អូហ្សូន និងពិធីសារ​ម៉ុងរ៉េ​អាល់ ស្តីពី សារធាតុ​ដែល​បំផ្លាញ​​ស្រទាប់​អូហ្សូនត្រូវបាន​រាជរដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​គួរ​ជាទីមោទនៈ។

ឯកឧត្តម ខៀវ មុត បានមាន​ប្រសាសន៍​​បន្ត​ថា ក្នុង​ការយក​ចិត្ត​ទុកដាក់អនុវត្ត​អនុសញ្ញាវីយ៉ែន និង​ពិធីសារម៉ុងរ៉េអាល់ រាជរដ្ឋាភិបាលកម្ពុជា​បាន​សម្រេចបង្កើត និងដាក់ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធីជាតិ ស្តីពី​ការ​គ្រប់គ្រង​សារធាតុ​ត្រជាក់ ផែនការ​លុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និងអនុក្រឹត្យ​ ស្តីពី ការគ្រប់​គ្រង​សារ​ធាតុ​​បំផ្លាញ​ស្រទាប់​អូហ្សូន ផែនការ​ស្តីពី​ការគ្រប់គ្រង​សារធាតុ​ហាយដ្រូ​ក្លរ៉ូ​ភ្លុយអរ៉ូ​កាបូន ដែលជា​ការ​បញ្ជាក់​ឱ្យកាន់​តែច្បាស់​ថែមទៀត អំពី​ជំហរ​យ៉ាងម៉ឺងម៉ាត់​បំផុត​របស់​រាជរដ្ឋាភិបាល នៅ​ក្នុងការ​អនុវត្ត​គោល​នយោបាយ​បរិស្ថានជាតិ និងការគាំទ្រ​សកម្មភាព​ការពារ​បរិស្ថាន​របស់​មនុស្សជាតិ។

ការប្រារព្ធ​ទិវាអន្តរជាតិ ស្តីពីកិច្ចការពារស្រទាប់អូហ្សូន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នា​ឆ្នាំ​នេះ​ គឺឋិត​នៅ​ក្រោម​ប្រធានបទ «កិច្ចការពារ​ស្រទាប់​អូហ្សូន គឺជាបេសកកម្ម​ឆ្ពោះ​ទៅមុខ(Ozone Layer Protection: The Mission goes on)» ហើយ​ជាមួយ​គ្នានេះដែរ ក្រសួង​បរិស្ថាន​​បានបង្ហាញនូវ​ពីសមិទ្ធ​ផល​​ដែល​ក្រសួង​បរិស្ថាន និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​សម្រេច​បាន ក្រោម​កិច្ច​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ ​លើ​ការលុប​បំបាត់​ទាំងស្រុង​នូវ​សារធាតុ CFCsនៅ​ឆ្នាំ២០០៩ ដែលក្នុងនោះ​​ប្រទេស​កម្ពុជា​យើង​ទទួលបាន​ពានរង្វាន់​និងលិខិត​សរសើរ​ជាច្រើន។

ការប្រារព្ធ​ខួបលើកទី​២៧ នៃការ​បង្កើត​ពិធី​សារ​ម៉ុង​រ៉េអាល់ ស្តីពីសារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​និង​ការរៀបចំ​ទិវាអន្តរជាតិ ស្តីពី​កិច្ចការ​ពារ​​ស្រទាប់​អូហ្សូន ១៦ កញ្ញា ១៩៨៧ -១៦ កញ្ញា ២០១៤   មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និងឆ្លុះបញ្ជាំង​អំពីការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់ក្រសួង​បរិស្ថាន ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់តំបន់ និងនៅ​ថ្នាក់​ពិភព​លោក​​ ដើម្បីការពារ​ស្រទាប់​អូហ្សូន និង​ចូលរួម​ជាមួយ​គ្រប់ប្រទេស​​ជាសមាជិក​ទាំងអស់​ក្នុង​ការរៀបចំ​ទិវា​ដ៏​វិសេសវិសាល​នេះ​ឡើង ដើម្បី​ជំរុញ​សកម្មភាព​ជា​មូលដ្ឋាន​នៅ​ថ្នាក់​ជាតិ ដោយយោង​ទៅតាម​គោលដៅ និងទិសដៅ នៃពិធីសារ​ម៉ុងរ៉េអាល់​និង​វិសោធនកម្ម​ទាំង​ឡាយ​របស់​ពិធីសារ​នេះ។​​ទិវាអន្តរជាតិ ស្តីពី​កិច្ចការពារ​ស្រទាប់​អូហ្សូន ១៦ កញ្ញា ២០១៤ នេះអាច​ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ពីគ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនិងការជួយ​ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​កម្ពុជា៕

No comments:

Post a Comment