យោងតាមសេចក្តីជូនព័ត៌មានរបស់លេខាធិការដ្ឋាន
នៃគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល
ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៥នេះ
បានឲ្យដឹង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង០៩:០០នាទីព្រឹក នឹងមានរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទី ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងជាមួយ
ផែនទីផ្លូវការ និងស្របច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅវិមានសន្តិភាព
ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីប្រគល់ផែនទីជាផ្លូវការនោះ
គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី នឹងអញ្ជើញឥស្សរជនមួយចំនួនចូលរួម
ដើម្បីសង្កេតការណ៍ ក្នុងនោះរួមមាន៖ តំណាងគណបក្សប្រជាជនកម្ពុជា
ចំនួន៥រូប គណបក្សសង្គ្រោះជាតិចំនួន៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប,
សមាជិករដ្ឋសភា គណបក្សដែលមានសំឡេងភាគច្រើនចំនួន៣រូប សមាជិករដ្ឋសភាសំឡេងភាគតិច៣រូប, សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចំនួន៣រូប,
សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួន ៣រូប ហើយក៏នឹងអញ្ជើញឲ្យចូលរួមផងដែរ នូវតំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូប
លោកបណ្ឌិត សុខ ទូច និងសហការី នៃរាជបណ្ឌិតសភាចំនួន៣រូប ហើយនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានដំណើរការផ្ទៀងផ្ទាត់ផែនទីផ្លូវការរបស់ខ្លួនម្តងរួចមកហើយ ជាមួយផែនទីរបស់អង្គការសហប្រជាជាតិ
ហើយជាលទ្ធផលឃើញថា ខ្សែបន្ទាត់ព្រំដែនរវាងផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា
និងផែនទីរបស់អង្គការសហប្រជាជាតិគឺដូចគ្នា ៕
No comments:
Post a Comment