នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក សាត វិច្ឆិកា តំណាងយុវជន សមាជិក សមាជិកា ព្រម ទាំងពលរដ្ឋខ្មែរប្រទេសបារាំង បានផ្ញើលិខិតអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តម ប្រពៃថ្លៃថ្លា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យលីមកុកវីង ប្រទេសម៉ាឡេស៊ី ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំឆ្នើម” នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោក សាត វិច្ឆិកា តំណាងយុវជន និងពលរដ្ឋខ្មែរប្រទេសបារាំង បានបញ្ជាក់ក្នុងលិខិតថាៈចំពោះការទទួលសញ្ញាបត្រនេះ គឺជាមហាកិត្តិយសដ៏ធំធេង ស័ក្តិសមទៅនឹងសមត្ថភាព ទេពកោសល្យ ការធ្វើពលីកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ក្នុងការរំដោះប្រទេសកម្ពុជា ឲ្យរួចចាកផុតពីភ្លើងសង្រ្គាមរហូតទទួលបានជោគជ័យ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយជាពិសេស សម្តេច បានប្រើនូវយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុងដ៏រាំរ៉ៃរបស់ព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ រហូតពេលបច្ចុប្បន្ននេះ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ តំណាងយុវជន សមាជិក សមាជិកា ព្រមទាំងពលរដ្ឋខ្មែរដែលគាំទ្រសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជានៅប្រទេសបារាំង ក៏បានជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានសុខភាពល្អបរិបូណ៍ ថាមពលខ្លាំងក្លា អាយុយ៉ឺនយូរ បញ្ញាឈ្លាសវៃ ត្រចះត្រចង់ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជារក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏រុងរឿងតទៅមុខទៀត។

No comments:
Post a Comment