រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចេញលិខិតចំហរ សូមឲ្យលោក ជុន ចន្ទបុត្រ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរី ពន្យល់ពាក្យពេចន៍មួយចំនួន ក្នុងស្មារតី និងបំណងនៃយុទ្ធនាការ នៃការប្រើពាក្យដែលលោក ជុន ចន្ទបុត្រ បានផ្សព្វផ្សាយជាសាធារណៈ ហើយត្រូវបាន ឯកឧត្តម ផៃ ស៊ីផាន ចាត់ទុកថា មិនត្រឹមត្រូវ និងយល់ថា វាហាក់បីដូចជាវិទ្យុបរទេសនេះលូកដៃជ្រៀតជ្រែក នយោបាយផ្ទៃក្នុង និងដែនអធិបតេយ្យរបស់ខ្មែរ។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ក្នុងលិខិតចំហររបស់លោកថា « ខ្ញុំបានអាន និងស្តាប់បទវិភាគនយោបាយរបស់លោក (និយាយសំដៅលោក ជុន ចន្ទបុត្រ) ដែលមានចំណងជើងថា តើការកំណត់អាណត្តិនាយករដ្ឋមន្ត្រី មានសារៈសំខាន់យ៉ាងណ? » ។
រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា « ខ្ញុំយល់ពីស្មារតី នៃយុទ្ធនាការ និងខ្លឹមសារនៃបទអត្ថាធិប្បាយរបស់លោក ដែលលោកមានបំណង គាំទ្រនៃការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះ។
ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ការបកស្រាយ ការពន្យល់ ជាមួយហេតុផលមួយចំនួនធំ ដែលលើកលើកឡើង គឺមិនត្រឹមតែសិទ្ធិនៃការបញ្ចេញមតិប៉ុណ្ណោះទេ អ្វីដែលខ្ញុំយល់ដឹង គឺវាហាក់បីដូចជាវិទ្យុបរទេសមួយនេះលូកដៃជ្រៀតជ្រែក នៅក្នុងកិច្ចការនយោបាយផ្ទៃក្នុង និងដែនអធិបតេយ្យរបស់ខ្មែរយើង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសូម ឲ្យលោក ជុន ចន្ទបុត្រ ពន្យល់ពាក្យពេចន៍មួយចំនួន ក្នុងស្មារតី និងបំណងនៃយុទ្ធនាការ នៃការប្រើពាក្យអស់ទាំងនោះ ដែលលោក ជុន ចន្ទបុត្រ បានប្រើប្រាស់ ផ្សព្វផ្សាយជាសាធារណៈ ។ ឧទាហរណ៍ ដូចជា៖
សូម្បីតែព្រះមហាក្សត្រ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ជាអ្នកជួយជ្រោមជ្រែងឲ្យឡើងសោយរាជ្យដែរ ។ ក្រៅពីនេះ ដូចជា ពាក្យ ក្រុមសន្តិសុខស៊ីឈ្នួល ទីប្រឹក្សាអាមីអាថោងឆ្វេងស្តាំ ចាំតែលើកជើង និងពាក្យ ក្រាញ នឹងអំណាច ជាដើម។
ឯកឧត្តម ផៃ ស៊ីផាន សង្ឃឹម និងជឿជាក់ថា នាពេលដ៏ខ្លីខាងមុខ សាធារណៈជន ច្បាស់ជាបានទទួលនូវការពន្យល់របស់លោក ជុន ចន្ទបុត្រ ក្នុងអ្វីដែលអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជម្រុញឲ្យលោក ជុន ចន្ទបុត្រ ដឹងពីវត្ថុបំណងនៃការប្រើប្រាស់ពាក្យពេចន៍ ព្រមទាំងកិច្ចទទួលខុសត្រូវរបស់វិទ្យុអាស៊ីសេរី ក្នុងការប្រើប្រាស់រលកអាកាសរបស់វិទ្យុមួយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមអានលិខិតចំហររបស់ ឯកឧត្តម ផៃ ស៊ីផាន

No comments:
Post a Comment