នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងសាងសង់អគារសន្តិសុខនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតី លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង លោក លី អាន ប្រធានការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជា និងជាតំណាងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានថ្លែងឱ្យដឹងក្នុងឱកាសនោះថា អគារសន្តិសុខដែលបានចុះហត្ថលេខានាពេលនេះ នឹងចាប់ផ្តើមសាងសង់នៅដើមត្រីមាសទី៤ ឆ្នាំ២០១៧ខាងមុខ ដែលមានទីតាំងស្ថិតនៅខាងក្រោយអគារឧបសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រីផ្ទៃក្រឡាដី ៩២៣,៤ម២ បណ្តោយ ៤៤,៦០ ម៉ែត្រ ទទឹង ១៨,៧៥ ម៉ែត្រ ផ្ទៃក្រឡាអគារ ១.៣៥០ម២ បណ្តោយ ៤៣.៩ម៉ែត្រ និងទទឹង ៧.២ម៉ែត្រ កម្ពស់ចំនួន ៤ជាន់ (រួមទាំងជាន់ផ្ទាល់ដី) ហើយអគារសន្តិសុខនៃទីស្តីការគណៈរដ្ឋមន្ត្រីនេះ បំពាក់នូវគ្រឿងសម្ភារៈមួយចំនូនដូចជា៖ គ្រែ/តុទូក្នុងបន្ទប់សម្រាក សម្ភារៈចាំបាច់សម្រាប់អាហារដ្ឋាននិងផ្ទះបាយ សម្ភារៈចាំបាច់សម្រាប់បន្ទប់មេបញ្ជាការ ការិយាល័យបន្ទប់ប្រជុំ (តុ កៅអី មីក្រូ ម៉ាស៊ីនត្រជាក់.។ល។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ក៏បានបញ្ជាក់បន្ថែមថា ការជួយពីឧបត្ថម្ភពីរដ្ឋាភិបាលចិនចំពោះប្រទេស និងប្រជាជនកម្ពុជា គឺជាការបង្ហាញឱ្យឃើញពីការរីកចំរើននូវចំណងមិត្តភាពនៃប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយកាន់តែរឹងមាំថែមទៀត ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរឹងមាំ៕
No comments:
Post a Comment