នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការបញ្ជាក់ជូនសាធារណជននូវខ្លឹមសារក្រោមចំណងជើងថា «គណបក្សផ្អែកលើគោលគំនិត មិនមែនផ្អែកលើបុគ្គលទេ»។
លោក សុខ ឥសាន បានបញ្ជាក់ថា អ្នកណាក៏ដឹងដែរថា គណបក្សសង្គ្រោះជាតិបានដើរតាមនយោបាយដែលកំណត់ដោយបុគ្គលម្នាក់ នោះគឺ សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សនេះ។ សម រង្ស៊ី បានដើរតាមនយោបាយគ្មានយុទ្ធសាស្ត្រ យុទ្ធវិធីច្បាស់លាស់ម្តងណាទេ ការពិតគឺនយោបាយផ្អែកតាមគោលគំនិតរបស់ សម រង្ស៊ី ជាប្រធានបក្ស ដែលកើតចេញពីមនោគតិផ្ទាល់ខ្លួនរបស់ សម រង្ស៊ី ដែលពោរពេញទៅដោយគំនុំ កំហឹង តាមចងកម្មចងពៀរ។
គេចងចាំមិនភ្លេចទេថា ឪពុក សម រង្ស៊ី ឈ្មោះ សម សារី បានមានទំនាស់ដ៏ស្រួចស្រាវជាមួយ សម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យឆ្នាំ ១៩៥៣។ ក្រោយបារាំងចាកចេញពីកម្ពុជា សម សារី បានដើរតួសំខាន់ក្នុងការចលនា សម្តេចព្រះនរោត្តម សីហនុ ឱ្យដើរតាមនិន្នាការលំអៀងទៅរកសហរដ្ឋអាមេរិក តែត្រូវបរាជ័យ។ ហេតុនេះហើយបានជា សម សារី ចងគំនុំជាមួយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ប្រើឧបាយកលដាក់គ្រាប់បែកក្នុងកញ្ចប់វត្ថុអនុស្សាវរីយ៍ ប៉ុនប៉ងបំផ្ទុះធ្វើគត់ ព្រះមហាក្សត្រីយ៍ កុសុមៈ។ ដល់បែកការណ៍ សម សារី ក៏បានរត់គេចខ្លួនទៅប្រទេសវៀតណាមដូរឈ្មោះជា ង្វៀង យ៉ាំង សាម រហូតដល់ស្លាប់ខ្លួន។
ដូច្នេះ ការធ្វើនយោបាយរបស់ សម រង្ស៊ី គឺក្នុងគំនុំសងសឹក សម្តេចព្រះនរោត្តម សីហនុ ចងគំនុំនឹង សម្តេចក្រុមព្រះ និង សម្តេចតេជោ ហ៊ុន សែន ដែលបានដក សម រង្ស៊ី ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញវត្ថុនៅឆ្នាំ ១៩៩៤។ ដូចនេះ ការបង្កើតគណបក្សនយោបាយនិងធ្វើនយោបាយរបស់ សម រង្ស៊ី មិនមែនកើតឡើងពីស្មារតីស្នេហាជាតិស្រទ្បាញ់ប្រជាជនស្អីនោះទេ។ ហេតុនេះហើយបានជាគោលនយោបាយរបស់បក្សប្រឆាំង កើតចេញពីចិត្ត និងការនឹកឃើញរបស់ សម រង្ស៊ី តែម្តង។ ហេតុនេះហើយបានជាមន្ត្រីជាន់ខ្ពស់មិនឱ្យតម្លៃ សម រង្ស៊ី ហើយនិយាយថា នយោបាយគណបក្សសង្គ្រោះជាតិមិនផ្អែកលើបុគ្គលទេ។
ដូច្នេះ មិនគួរ សម រង្ស៊ី មានមោទនភាពបុគ្គលខ្លាំងពេកទេ រទេះភ្លើងចេញចោលហើយនៅក្រអឺតក្រទមដល់ណាទៀត?
No comments:
Post a Comment