Monday, February 20, 2023

សម្តេចតេជោ ហ៊ុន សែន៖ ការប្រមាថថ្នាក់ដឹកនាំជាតិ និងផ្សាយព័ត៌មានក្លែងក្លាយ គឺមិនអាចអត់ឱនអោយបានជាដាច់ខាត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការផ្សាយវិទ្យុរបស់ VOD កន្លងមកនេះ មានការផ្សាយព័ត៌មានដែលបានលើកឡើងពីបញ្ហាថវិកាថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តថវិកាផ្តល់ជំនួយដល់ប្រទេសតួគី ដែលនេះជាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយញុះញង់នាំអោយមានការបែកបាក់សាមគ្គីជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឡើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់មានសិទ្ធិអនុម័តថវិកានោះទេ ថែមទាំងមិនដឹងពីរឿងថវិកានេះទៀតផង បែរជាវិទ្យុVOD ដែលទទួលបានជំនួយពីបរទេស ផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាល ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះមានចរិតបំបែកបំបាក់សាមគ្គីជាតិ គឺជាទង្វើអសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានជាដាច់ខាត ដែលសម្តេចត្រូវតែប្រើវិធានការច្បាប់ លុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សាយនោះតែម្តង ដើម្បីកុំអោយវិទ្យុមួយនេះ បន្តផ្សាយព័ត៌មានខុសពីការពិតនៅកម្ពុជាបន្តទៀត ពោលគឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ។ សម្តេចបន្តថា ការលុបអាជ្ញាប័ណ្ណនេះ គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក បានកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕






No comments:

Post a Comment