Monday, February 20, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី



នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភព​អង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី។ 



តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ​បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសូមការអនុញ្ញាតពីសម្តេចតេជោ ប្រើប្រាស់ និងនិយាយជាសាខ្មែរ។ ឯកឧត្តមដូមីនិក បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមធ្លាប់បានមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១០។ បើប្រៀបធៀបពីពេលនោះ នឹងពេលបច្ចុប្បន្ននេះ ឯកឧត្តមបានពិនិត្យឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ 

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការគោរពភាពជាអ្នកដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន លើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការនាំនូវសុខសន្តិភាព និងស្ថេរភាព នយោបាយសម្រាប់កម្ពុជា, ទប់ស្កាត់ការរីករាលដានៃជំងឺកូវីដ១៩ បើកប្រទេស​ និងបើកសេដ្ឋកិច្ចឡើងវិញ​បានយ៉ាងជោគជ័យ, គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ,ដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ការយកចិត្តទុកដាក់​របស់​សម្ដេចតេជោ លើការដោះមីន និងនាំកម្ពុជាឈាន ទៅជាប្រទេសគ្មានមីន​នៅឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់ឯកឧត្តម គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង ។

ជាការឆ្លើយតប សម្ដេចតេជោ  ហ៊ុន សែន  បានស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម ដូមីនិក ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណឯកឧត្តម ដូមីនិក ចំពោះការកោតសរសើរពីភាពរីកចម្រើននៅកម្ពុជា ក៏ដូចជាការកត់សម្គាល់លើការដឹកនាំរបស់សម្តេច។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរឯកឧត្តមដូមីនិក ដែលបាននិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ សម្ដេចតេជោ ក៏បានថ្លៃអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើការដោះមីនផងដែរ។ 

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មជាង ៤០ ឆ្នាំមកហើយដោយសារគ្រាប់មីន។ ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើន​ជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា​ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។







No comments:

Post a Comment