យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ ចេញថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ស្តីពី ការពន្យាពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់របស់សហគ្រាស
បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សំរេចពន្យាពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់របស់សហគ្រាស
ដែលប្រកាសបង់ពន្ធតាមរបបស្វ័យប្រកាសសម្រាប់ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី ៣១
ខែឧសភា ឆ្នាំ២០១៥។
ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយឯកឧត្តម គង់ វិបុល
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដារ បានលើកឡើងថា
អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូន ម្ចាស់សហគ្រាស ដែលប្រកាសបង់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ជ្រាបថា
ឆ្នាំ២០១៥នេះ សហគ្រាសដែលបានចុះបញ្ចីពន្ធដារមុន ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស
ដែលតម្រូវឲ្យភ្ជាប់ឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួន ហើយត្រូវប្រកាសបង់ប្រាក់ពន្ធប៉ាតង់ឆ្នាំ២០១៥
ក្នុងពេលតែមួយ។ ប្រការនេះបណ្តាលឲ្យសហគ្រាសមួយចំនួនមិនទាន់បានប្រកាសបង់ពន្ធប៉ាតង់បានទាន់ពេលវេលាឡើយ
ព្រោះតែពុំទាន់មានឯកសារគ្រប់គ្រាន់។
ការពន្យារពេល នៃការប្រកាសបង់ពន្ធប៉ាតង់របស់សហគ្រាសនេះ
ត្រូវបានធ្វើឡើងដើម្បីទុកលទ្ធភាពជូនសហគ្រាសដែលមិនទាន់បានប្រកាសបង់ពន្ធ
ឬនៅខ្វះឯកសារផ្សេងៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំនូវឯកសារពាក់ព័ន្ធ
សម្រាប់ការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស។
ដោយឡែក ក្នុងករណីដែលសហគ្រាសមានការយឺតយ៉ាវ ក្នុងការមកប្រកាសបង់ពន្ធប៉ាតង់ឆ្នាំ២០១៥
តាមការពន្យារពេលខាងលើ សហគ្រាសនឹងត្រូវទទួលរងនូវទោសទណ្ឌដោយត្រូវបង់ប្រាក់ពន្ធ
និងបង់ផាកពិន័យស្របតាមច្បាប់ស្តីពីសារពើពន្ធ។
សេចក្តីជូនដំណឹងនេះ ក៏បានបញ្ជាក់ពីសេចក្តីសង្ឃឹមយ៉ាងមុតមាំ
របស់អគ្គនាយកដ្ឋានពន្ធដារថា ក្នុងអំឡុងពេលពន្យារនេះ ម្ចាស់សហគ្រាសដែលមិនទាន់បានប្រកាសបង់ពន្ធប៉ាតង់
នឹងរួសរាន់មកប្រកាសបង់ពន្ធបានទាន់ពេលវេលាតាមការកំណត់នេះជាក់ជាពុំខាន៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment