នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ
ឯកឧត្តម Laurent
Fabius រដ្ឋមន្រ្តីក្រសួងការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង ដែលបានធ្វើការពិភាក្សាគ្នា
លើប្រធានបទសំខាន់ៗ ជុំវិញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា
និងប្រទេសបារាំង។
នៅក្នុងជំនួបពិភាក្សានោះ
ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការបរទេស
និងការអភិវឌ្ឍន៍ អន្តរជាតិបារាំង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅក្រសួង ការបរទេសបារាំង។
សម្តេចតេជោ បានមានប្រសាសន៍ទៅកាន់ ឯកឧត្តម Laurent Fabius ថា កម្ពុជាមិនអាច បំភ្លេចបានកាលពីឆ្នាំ១៩៨៤ ដែលសម្តេចបានអញ្ជើញមកកាន់ទីនេះជាលើកទី១ អំពីការផ្តួចផ្តើម ឲ្យមានជំនួបចចាររវាងសម្តេច និងព្រះករុណាព្រះបរមរតនកោដ្ឋ។
សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Laurent Fabius បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើទំនាក់ទំនងទ្វេភាគី ក្នុងការការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនិងនេះ សម្តេចតេជោ បានគូសបញ្ជាក់ពីការជ្រោមជ្រែងលើកស្ទួយ ភាសាបារាំងនៅកម្ពុជា គឺសម្តេចផ្ទាល់ បានរួមចំណែកដោះស្រាយបញ្ហាទីតាំងនៃ វិទ្យាល័យ លីសេដេកាត និងការបង្កើត ឡើងនូវ អាលីយ៉ង់ហ្រ្វង់សេ នៅឆ្នាំ១៩៩០ និងវត្តមាននៃភាសាបារាំងក្នុងវិស័យច្បាប់, សុខាភិបាល និងបេតិកភណ្ឌពិភពលោកជាដើម។
ដោយឡែកបញ្ហាបម្រែបម្រួលធាតុអាកាស ក៏បានលើកយកមកពិភាក្សាផងដែរ ដោយ សម្តេចតេជោ បានស្នើឲ្យមានការពិភាក្សាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ របស់ពិភពលោក ដើម្បីធ្វើយ៉ាងណា ឈានទៅសំរេចកិច្ចព្រមព្រៀងរួម ស្តីពីការបម្រែបម្រួលធាតុអាកាស ដែលនឹងប្រារព្ធនៅចុង ឆ្នាំ២០១៥។
បន្ទាប់ពីកិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន និង
ឯកឧត្តម Laurent
Fabius បានអញ្ជើញ ធ្វើអធិបតីនៅក្នុង ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦៖ ១-កិច្ចព្រមព្រៀងស្តីពីកម្ចី សម្បទានមានទឹកប្រាក់៩លានអឺរ៉ូ សម្រាប់អនុវត្តគំរោងផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប, ២-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់១១លានអឺរ៉ូ
សម្រាប់គំរោងសាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ, ៣-កិច្ចព្រមព្រៀង ស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ១៤លានអឺរ៉ូ
សម្រាប់គំរោងពង្រឹងវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ ដែលចុះហត្ថលេខាដោយ ឯកឧត្តម
វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ និង ឯកឧត្តម Jacques
Moineville អគ្គនាយកទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍន៍ ឯកឧត្តម Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា, ៤-កិច្ចព្រមព្រៀង ស្តីពីកម្ចីសម្បទាន មានទឹកប្រាក់ ៧០លានអឺរ៉ូ សម្រាប់គំរោង សាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ
និងខេត្តកោះកុង ចុះហត្ថលេខារវាងឯកឧត្តម កែវ រតនៈ អគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា
ជាមួយ ឯកឧត្តម Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍។
ជាមួយគ្នានេះមានឯកសារចំនួនពីរផ្សេងទៀត
ដែលត្រូវបានចុះហត្ថលេខាដោយឡែក ក្នុងនោះគឺ៖ ៥-អនុសញ្ញាស្តីពីបត្យាប័ន
ចុះហត្ថលេខារវាង ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ជាមួយ លោកជំទាវ Christiane TAUBIRA រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំង និង
៦-កិច្ចព្រមព្រៀង ស្តីពីការផ្តុំបដិមាករខ្មែរ រវាងសារមន្ទីរជាតិកម្ពុជា និង សារមន្ទីរ Guimet បារាំង ចុះហត្ថលេខា ដោយឯកឧត្តម ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ
និង លោក គង់ វិរៈ ប្រធាននាយកដ្ឋាន សារមន្ទីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងនាយកសារមន្ទីរ
Guimet បារាំង។
គួរបញ្ជាក់ថា ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Laurent Fabius គឺបានពង្រឹង នូវមិត្តភាព សហប្រតិបត្តិការល្អ ដែលនាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ ហើយកម្ពុជាក៏បានថ្លែងអំណរគុណ រដ្ឋាភិបាលបារាំងដែលបានជួយកសាង និងស្តារប្រទេសជាតិរហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ៕



No comments:
Post a Comment