Friday, January 22, 2021

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ដល់ជំនួយថវិកាបន្ថែម ៥០០លានរៀលទៀតដល់ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ៥០០លានរៀលថែមទៀត ដល់ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីរៀបចំទប់ស្កាត់ជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រីយក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមជំនួយថវិកា៥០០លានរៀលរបស់លោកនាយករដ្ឋមន្រ្ដីថ្មីនេះ គឺខេត្តបន្ទាយមានជ័យទទួលបាន ៣០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបាន២០០លានរៀល បូករួមទឹក
សុទ្ធ៣០០០កេសជូនថែមទៀត។

លោកស្រីបានបញ្ជាក់ទៀតថា ថវិកាទាំងនេះរួមទាំងសម្ភារៈ ត្រូវបានក្រសួងសុខាភិបាល រៀបចំចាត់ចែងប្រគល់ដល់ជូន អភិបាលនៃគណៈអភិបាលខេត្តទាំងពីរផងដែរ។

ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។

ឆ្លើយតបនឹងស្ថានភាពនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា ៕






No comments:

Post a Comment