
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧ បានប្រព្រឹត្តទៅក្រោមវត្ត មាន ឯកឧត្តម ស៊ីនហ្សូអាបេ (Shizo Abe) នាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន លើកទី១៧នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន-ជប៉ុន បានធ្វើ ការ ពិភាក្សា ទៅលើការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និង បញ្ហាផ្សេងៗ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន-ជប៉ុន បានសំដែង នូវការរីករាយចំពោះការវិវត្តន៍ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម
សម្រាប់ជំរុញភាពជាដៃគូអាស៊ាន-ជប៉ុន ដើម្បីវិបុលភាពទាំងអស់គ្នានិងផែនការសកម្មភាព(២០១១-២០១៥) និងគ្រោងដាក់នូវផែនការសកម្មភាពថ្មីបន្ត។ ក្នុងកិច្ចប្រជុំកំពូលនោះដែរមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ភាគីជប៉ុនឲ្យបន្តគាំទ្រការអនុវត្តផែនទីចង្អុលផ្លូវ
សម្រាប់សហគមន៍អាស៊ាន (២០០៩-២០១៥)
និងសេចក្តីថ្លែងការណ៍ទីក្រុងបាលី ស្តីពីសហគមន៍អាស៊ាននៅក្នុងសហគមន៍ប្រជាជាតិ (Bali Concord
III) ។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន-ជប៉ុន បានកត់សំគាល់នូវរបាយការណ៍ ស្តីពី ការវិវត្តន៍នៃការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យនិងផែនការសកម្មភាពអាស៊ាន-ជប៉ុន
(២០១១-២០១៥)។
កិច្ចប្រជុំកំពូលនោះដែរ
មេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតនូវបរិស្ថានសន្តិសុខអន្តរជាតិឲ្យកាន់តែប្រកបដោយសន្តិភាព និងស្ថេរភាព។
ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានកត់សំគាល់នូវគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីការចូលរួមចំណែកយ៉ាងសកម្ម
ដើម្បីសន្តិភាពដែលគាំទ្រដោយសាធារណៈនូវសេរីភាពទេសចរណ៍
ការហោះកាត់ និងការធ្វើពាណិជ្ជកម្មដោយគ្មានការរាំងស្ទះ។
ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះ
និងបញ្ហានានាដោយសន្តិវិធី
និងដោយអនុលោមទៅតាមគោលការណ៍នៃច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ
មេដឹកនាំទាំងអស់បានយល់ថា ជម្លោះនៅសមុទ្រចិនខាងត្បូងត្រូវដោះស្រាយតាមការប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់
និងជៀសវាងការធ្វើសកម្មភាពនានាដែលធ្វើឲ្យសភាពការណ៍កាន់តែមានភាពស្មុគ្រស្មាញ។
ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានកត់សំគាល់នូវទស្សនៈរបស់ជប៉ុនដែរថា
បណ្តារដ្ឋដែលជាប់ឆ្នេរសមុទ្រត្រូវគោរពដល់គោលការណ៍ទូទៅ នៃច្បាប់អន្តរជាតិពោលគឺត្រូវប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់
ដើម្បីទប់ស្កាត់នូវសកម្មភាពជាឯកតោភាគីនានាដែលបង្កឲ្យមាននូវការផ្លាស់ប្តូររូបវ័ន្តជាអចិន្រៃ្តយ៍ដល់បរិស្ថានសមុទ្រ។
ជាមួយគ្នានេះ
មេដឹកនាំទាំងអស់បានបញ្ជាក់ជាថ្មីនូវការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយសមត្ថភាពនូវសេចក្តីថ្លែងការណ៍ ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅក្នុងសមុទ្រចិនខាងត្បូង(DOC) និងកិច្ចពិគ្រោះយោបល់ដ៏មានសារៈសំខាន់អំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង(COC)។
ជាមួយគ្នានេះមេដឹកនាំទាំងអស់បានស្វាគមន៍ចំពោះការអនុម័តនូវសេចក្តីថ្លែងការណ៍រួមអាស៊ាន-ជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន។
មេដឹកនាំអាស៊ាន-ជប៉ុន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តបង្កើនពាណិជ្ជកម្មនិងលំហូវិនិយោគទ្វេដងនៅឆ្នាំ២០២២ ក្នុងនោះមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ភាគីជប៉ុនឲ្យជំរុញកិច្ចសហប្រតិបត្តិការក្នុងផែនការសកម្មភាពយុទ្ធសាស្រ្ត
សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SMEs) ក្រោយឆ្នាំ២០១៥។
ទន្ទឹមនឹងនេះមេដឹកនាំអាស៊ានក៏បានលើកទឹកចិត្តដល់ភាគីជប៉ុន ឲ្យបន្តគាំទ្រដល់ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់ តាមរយៈផែនការការងារទី២
នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន របៀងសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ច ពិសេសវិស័យនានានៃកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់។
មេដឹកនាំអាស៊ាន-ជប៉ុនបានជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ
និងឯកជននិងឈានទៅបញ្ចប់នូវកិច្ចព្រមព្រៀង ស្តីពី សេវាកម្មអាកាសចរណ៍ក្នុងតំបន់រវាងអាស៊ាន-ជប៉ុន ជាមួយគ្នានេះមេដឹកនាំអាស៊ានបានថ្លែងអំណរគុណចំពោះជប៉ុនដែលបន្តគាំទ្រលើផែនការមេស្តីពីការតភ្ជាប់អាស៊ាននិងការតភ្ជាប់តំបន់អាស៊ីបូព៌ា
ជាពិសេសការតភ្ជាប់តាមផ្លូវសមុទ្រឲ្យបានប្រសើរជាងមុន។ ថ្នាក់ដឹកនាំអាស៊ានក៏បានលើកទឹកចិត្តដល់ភាគីជប៉ុនឲ្យគាំទ្រដល់ដំណើរការ
នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC)។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានសំដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរបស់ជប៉ុនក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ
និងបង្កើតចំណងមិត្តភាពក្នុងចំណោមយុវជនអាស៊ាន-ជប៉ុន។
ជាមួយគ្នានេះមេដឹកនាំទាំងអស់
ក៏បានអរគុណចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-ជប៉ុន តួនាទីយុវជនក្នុងទំនាក់ទំនងអាស៊ាន-ជប៉ុននៅក្នុងសតវត្សទី២១កាលពីឆ្នាំ២០១៣ និងវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ជប៉ុន ភាពជាដៃគូសម្រាប់ការអភិវឌ្ឍនៅដើមឆ្នាំ២០១៤។
ជាមួយគ្នានេះមេដឹកនាំទាំងអស់ក៏បានចែករំលែកនូវចំណេះដឹងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត
និងជំនាញផ្នែកបច្ចេកវិទ្យាដែលមិនប៉ះពាល់បរិស្ថាន ដើម្បីឈានទៅសំរេចបានកំណើននៅក្នុងតំបន់ដោយមានកាបូនកម្រិតទាប។
ជាមួយគ្នានេះមេដឹកនាំអាស៊ាន-ជប៉ុន
ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងឧបទ្វីបកូរ៉េនិងអំពាវនាវឲ្យបំបាត់អាវុធនុយក្លេអ៊ែរដោយសន្តិវិធី
និងឲ្យមានការចរចារប្រាំមួយភាគីឡើងវិញឲ្យបានឆាប់។ ទន្ទឹមនឹងនេះ មេដឹកនាំទាំងអស់ក៏បានសំដែងនូវការព្រួយបារម្ភចំពោះការបាញ់មីស៊ីលដោយកូរ៉េខាងជើង
ក្នុងនោះមេដឹកនាំទាំងអស់បានគាំទ្រចំពោះការអនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា
របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសេចក្តីប្រកាសរួម នៃកិច្ចចរចារប្រាំមួយភាគីថ្ងៃទី១៩
ខែកញ្ញា ឆ្នាំ២០០៥ និងបានគូសបញ្ជាក់ផងដែរនូវសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាកង្វល់ផ្នែកមនុស្សធម៌របស់សហគមន៍អន្តរជាតិ
រួមមានបញ្ហាចាប់ពង្រត់មនុស្ស។
នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ
មេដឹកនាំអាស៊ាន-ជប៉ុនបានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៧និងបានអនុម័តលើសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាននិងជប៉ុន
សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន-ជប៉ុនក៏បានធ្វើការកត់សំគាល់នូវរបាយការណ៍វិវឌ្ឍន៍
ស្តីពីផែនការសកម្មភាពអាស៊ាន-ជប៉ុនស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕


No comments:
Post a Comment