បទបង្ហាញអំពីបច្ចេកវិទ្យា LiDAR បានប្រារព្ធធ្វើឡើងនៅសាលសន្និសីទអាជ្ញាធរជាតិអប្សរានាទីក្រុងសៀមរាប
ខេត្តសៀមរាប នៅព្រឹកថ្ងៃច័ន្ទទី ៦ ខែមេសា ឆ្នាំ ២០១៥នេះ ក្រោមអធិបតីភាពឯកឧត្តម
ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
នៅក្នុងឱកាសនោះឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គនាយក នៃក្រសួងវប្បធម៌
និងវិចិត្រសិល្បៈតំណាងអោយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈបានមានប្រសាសន៍លើកឡើងថា « បទឧទ្ទេសនាមដែលអ្នកជំនាញខ្មែរ
និងបរទេសលើកយកមកបង្ហាញនាថ្ងៃនេះ គឺជាលទ្ធផលទទួលបានពីការសិក្សាស្រាវជ្រាវតាមបែបបច្ចេកវិទ្យា
LiDAR
លើរមណីដ្ឋានបុរាណនៅកម្ពុជា ដូចជា អង្គរ ភ្នំគូលែន
កោះកេរ្តិ៍ នាឆ្នាំ ២០១២ កន្លងមក និងលទ្ធផលថ្មីៗ បំផុតលើរមណីដ្ឋានដ៏មានសក្តានុពលមរតកវប្បធម៌ផ្សេងៗទៀត
ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈដូចជាអតីតរាជធានីលង្វែក ឧត្តុង-ភ្នំ
ព្រះរាជទ្រព្យតំបន់ប្រាសាទសំបូរព្រៃគុកតំបន់ប្រាសាទបាកាណ
(ព្រះខ័នកំពង់ស្វាយ) និងតំបន់ប្រាសាទបន្ទាយឆ្មារ។
ការសិក្សាស្រាវជ្រាវថ្មីលើរមណីដ្ឋាននៅកម្ពុជាតាមរយៈបច្ចេក
វិទ្យា
LiDAR មានការចូលរួមយ៉ាងសកម្មពីក្រុមអ្នកជំនាញខ្មែរ
និងបរទេស មានជាអាទិ៍ មន្រ្តីអាជ្ញាធរជាតិអប្សរា
និងមន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។
ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍នៅក្នងឱកាសបើកធ្វើបទបង្ហាញផ្សព្វផ្សាយស្តីពីការសិក្សាស្រាវជ្រាវថ្មីនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈបច្ចេកវិទ្យាLiDAR ថា ពិតណាស់
ដើម្បីឲ្យការអនុវត្តការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ
ក៏ដូចជាបុរាណដ្ឋាននានា
ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
និងធានានិរន្តរភាពទៅបាន អាជ្ញាធរជាតិអប្សរា តែងសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីធ្វើការស្រាវជ្រាវថ្មីៗបន្ថែមទៀត។
ជាក់ស្តែង ក្នុងឆ្នាំ២០១២ យើងបានរួបរួមគ្នាជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួន៨
ដើម្បីធ្វើប្រតិបត្តិការមួយយ៉ាងធំ ដែលមិនធ្លាប់មាននៅអង្គរ
និងមានតំណាងប្រទេសចំនួន៧ បានចូលរួមថវិកា ដើម្បីនាំយកបច្ចេកវិទ្យា LiDAR មកប្រើប្រាស់។
គម្រោងនោះមានឈ្មោះថា KALC (Khmer Archaeology LiDAR Consortium) ហើយកម្មវិធីនេះបានបញ្ចប់ដោយជោគជ័យ នៅតំបន់អង្គរធំ ភ្នំគូលែន
និងកោះកេរ្តិ៍។
ឯកឧត្តមបានបន្ថែមទៀតថា លើសពីនេះទៀត វាអាចបង្ហាញឲ្យយើងដឹងអំពីទីតាំងភូមិសាស្ត្រអតីតកាល
ការតាំងទីលំនៅរបស់មនុស្ស និងប្រព័ន្ធផ្លូវទឹក ដែលត្រូវបានប្រើប្រាស់ក្នុងសម័យបុរាណ
និងការប្រែប្រួលសណ្ឋានដីភូគព្ភសាស្ត្រ។
ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយយល់ឃើញពីអត្ថប្រយោជន៍ដ៏សំខាន់នេះហើយ
ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
និងសាលាបារាំងចុងបូព៌ា (EFEO) ចាប់ផ្តើមគម្រោងទី២
ដែលនឹងអនុវត្តពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ នៅតំបន់ចំនួន៥គឺ លង្វែក (ឧដុង្គ)
សម្បូរព្រៃគុក ព្រះខ័នកំពង់ស្វាយ ភ្នំគូលែន និងបន្ទាយឆ្មារបន្ថែមទៀត។
ការងារនេះ នឹងជួយសម្រួលដល់ការរៀបចំខ្លឹមសារផ្នែកបុរាណវិទ្យា
ដើម្បីដាក់បញ្ចូលតំបន់ទាំងនោះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា៕




No comments:
Post a Comment