ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ
និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មខ្លាំងៗទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន
ដែលបានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន
និងវិទ្យុមួយចំនួន ដោយបានធ្វើការរិះគន់ និងវាយប្រហារ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំឲ្យមានច្បាប់គ្រងគ្រងអង្គការក្រៅរដ្ឋាភិបាល
ដោយចោទថា ច្បាប់នេះ ធ្វើឡើងការពារតែផលប្រយោជន៍
គណបក្សកាន់អំណាច ហើយរឹតបន្តឹងសេរីភាពបញ្ចេញមតិ។
ប្រតិកម្មក្នុងរឿងនេះ
ឯកឧត្តម កែវ រ៉េមី បានពន្យល់ថា «យើងមិនអាចទទួលយកបានទេ
នូវការចោទប្រកាន់ពីសំណាក់អង្គការសង្គមស៊ីវិលទាំងនោះ ដែលបានលើកឡើងថា សម្តេចតេជោ
ហ៊ុន សែន ជាមេដឹកនាំមិនទទួលខុសត្រូវ និង ផ្តាច់ការ ជុំវិញការលើកឡើងរបស់សម្តេចកន្លងមក
អំពីការបង្កើតឲ្យមានច្បាប់គ្រប់គ្រងអង្គការនោះ។»
ឯកឧត្តម
កែវ រ៉េមី
នៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការណៈរដ្ឋមន្ត្រី នៅថ្ងៃទី ០៦
ខែមេសា
ឆ្នាំ ២០១៥នេះ បានប្រតិកម្មខ្លាំងៗជុំវិញការលើកឡើងខ្វះការពិត
និងមានលក្ខណៈជាការវាយប្រហារមកលើរាជរដ្ឋាភិបាល។
ឯកឧត្តមបានបន្ថែមទៀតថា កម្ពុជាជាឋានសួគ៌នៃអង្គការសមាគម
ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសេរីភាពឲ្យពួកគេច្រើន
ណាស់
រហូតទាល់តែទំយើអស់ទៅហើយ។ ឯកឧត្តមបន្តថា មានអង្គការសមាគមខ្លះ
បានធ្វើសកម្មភាពខុសច្បាប់ជាច្រើនកន្លងមក
ដូចជាដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម បិទផ្លូវ
និងថែមទាំងជេរប្រមាថថ្នាក់ដឹកនាំកម្ពុជាជាញឹកញាប់
ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលមិនបានយកទោសអូសដំណើរពួកគេឡើយ។
ឯកឧត្តម កែវ រ៉េមី
បានបញ្ជាក់ថា «ថ្វីបើកម្ពុជាជាប្រទេសប្រជាធិបតេយ្យ
តែយើងមានច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះយើងនឹងមិនបន្តឲ្យអង្គការក្រៅរដ្ឋាភិបាលទាំងនោះ
ធ្វើអ្វីតាមចិត្តទៀតទេ ដល់ពេលដែលយើងត្រូវធ្វើច្បាប់ ដើម្បីគ្រប់គ្រងពួកគេឲ្យមានសណ្តាប់ធ្នាប់ល្អ។ » ឯកឧត្តម លើកឡើងថា «វាមិនមែនជារឿងប្លែកទេសំរាប់ កម្ពុជា និងពិភពលោក
ព្រោះច្បាប់គ្រប់គ្រងការបង្កើតអង្គការ
និងច្បាប់គ្រប់គ្រងអង្គការសមាគមនេះ គឺមានស្ទើរគ្រប់ប្រទេសទៅហើយ
សូម្បីតែប្រទេសជិតខាងរបស់កម្ពុជាក៏គេមានច្បាប់នេះដែរ
ជាមួយគ្នានេះប្រទេសជាច្រើនក៏បានដាក់ឲ្យអនុវត្តជាយូរយារណាស់មកហើយ
នូវច្បាប់នេះ មានតែកម្ពុជាប៉ុណ្ណោះ ដែលប្រមុខរាជរដ្ឋាភិបាលរបស់យើងមានការយោគយល់ច្រើន។» ឯកឧត្តមបន្តថា យើងចាំបាច់ត្រូវធ្វើតាមការចង្អុលបង្ហាញរបស់ច្បាប់រដ្ឋធម្មនុញ្ញ ដែលមាត្រា៤២
បានចែងយ៉ាងច្បាស់ ឲ្យយើងធ្វើច្បាប់នេះ រួមទាំងការជំរុញឲ្យមាននីតិរដ្ឋ។
«ឯកឧត្តម
បានមានប្រសាសន៍បន្តថា
ប្រទេសប្រជាធិបតេយ្យ ធំបំផុតនោះ គឺអ្នកតំណាងរាស្ត្រ
ប៉ុន្តែទោះជាយ៉ាងណាអ្នកតំណាងរាស្ត្រក៏ត្រូវតែស្ថិតនៅក្រោម
ច្បាប់ដែរ
ផ្ទុយទៅវិញអង្គការសង្គមស៊ីវិល ដែលមិនមានសិទ្ធិអំណាចអ្វីនោះ
បែរជាចង់នៅពីលើច្បាប់ទៀត
តើវាដូចម្តេចទៅវិញចឹង? »
ឯកឧត្តមលើកឡើង មានអង្គការសង្គមស៊ីវិលមួយចំនួនធំនៅកម្ពុជា
គឺគេធ្វើការបានល្អណាស់ គេបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
ដើម្បីជួយប្រជាពលរដ្ឋលើវិស័យផ្សេងៗជាច្រើន។
ឯកឧត្តម កែវ រ៉េមី
បានសង្កត់ធ្ងន់ថា ច្បាប់គ្រប់គ្រងអង្គការនេះ គឺមានគុណប្រយោជន៍ច្រើនណាស់ ទាក់ទងនិងការរឹតបណ្តឹង និងទប់ស្កាត់ការប្រព្រឹត្តខុសច្បាប់
របស់អង្គការសមាគមក្រៅរដ្ឋាភិបាល ទប់ស្កាត់លំហូរនៃការលាងលុយកង្វក់ និងការពារអំពើភារវកម្មជាដើម។
ឯកឧត្តមបញ្ជាក់ថា ឆ្លងតាមគុណប្រយោជន៍ជាច្រើននៃច្បាប់គ្រប់គ្រងអង្គការនេះ
អង្គការសង្គមស៊ីវិលនៅកម្ពុជាទាំងអស់ មិនគួរព្រួយបារម្ភខ្លាំងពេក ជុំវិញការបង្កើតច្បាប់នេះឡើយ
ប្រសិនណាជាខ្លួនមិនមានកំហុស និងមិនបានធ្វើសកម្មភាពដើម្បីតែបំរើឲ្យមហិជ្ជតានយោបាយរបស់គណបក្ស
រឺក្រុមណាមួយនោះ។
គួរបញ្ជាក់ថា ការប្រតិកម្មតបរបស់
ឯកឧត្តម កែវ រ៉េមី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការ សមាគម ក្រៅរដ្ឋាភិបាលមួយចំនួន
បានរិះគន់ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលកន្លងទៅថា
ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល និងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា «សូមអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់
តួនាទីខ្លួនកម្រិតណា។ ហើយខ្ញុំសូមប្រកាសទុកជាមុនច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល
នឹង ចេញនៅពេលខាងមុខ។ កុំឲ្យវាធ្វើតាមចិត្តចង់។ ឥឡូវអ្នកឯងកំពុងស្ថិតនៅក្រៅច្បាប់ហើយ។
បើចង់មានបញ្ជីជាតិ ទាល់តែធ្វើអាច្បាប់ហ្នឹងបានចុះបញ្ជីជាតិបាន។
អញ្ចឹងច្បាប់អង្គការក្រៅរដ្ឋាភិបាលត្រូវតែចេញ»។ ប៉ុន្តែអង្គការសមាគមមួយចំនួន បានប្រឆាំងនឹងការលើកឡើងនេះ
ដោយពួកគេចាត់ទុកថា ច្បាប់នេះនឹងរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគេក្នុងការបញ្ចេញមតិ
និងការធ្វើប្រតិបត្តិការការងាររបស់ខ្លួន។
តាមការចុះផ្សាយរបស់
គេហទំព័រក្នុងស្រុកបានឲ្យដឹងថា «លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក និយាយថា ច្បាប់នេះធ្វើឡើងការពារតែប្រយោជន៍
គណបក្សកាន់អំណាច ហើយរឹតបន្តឹងសេរីភាពរបស់ពលរដ្ឋ។»
ជាមួយគ្នានេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក កែម ឡី បានព្រមានថា «នៅពេលគណបក្សប្រជាជនកម្ពុជាធ្វើច្បាប់រិតបន្តឹងសង្គមស៊ីវិល
ដោយព្រោះតែយល់ថា ពួកគេជាអ្នកប្រឆាំងនោះ នឹងនាំឲ្យជីវិតនយោបាយគណបក្សនេះបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋថែមទៀត។»
ទាំងលោក នី ចរិយា
និងលោក កែម ឡី ព្រមានថា បើតំណាងរាស្ត្រនៃគណបក្សណា ក្នុងចំណោមបក្សទាំងពីរដែលជាប់ឆ្នោត
ចូលរួមលើកដៃអនុម័តច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល នោះជីវិតនយោបាយរបស់ពួកគេនឹងត្រូវបញ្ចប់
ដោយសារតែពលរដ្ឋឈប់គាំទ្រ។
ការបកស្រាយរបស់ក្រុមប្រឆាំងនេះ
គឺមានតម្លៃស្នើនឹងការប្រឆាំងជាមួយសេចក្តីព្រាងច្បាប់ ដែលមានប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់សង្គមជាតិ
ហើយពួកគេ បាននឹងកំពុងយកកំហឹងបុគ្គលមកប្រឆាំងជាមួយច្បាប់៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment