Thursday, December 22, 2022

សម្តេចតេជោបបួលក្រុមប្រឆាំងស្បថរឿងចោទថា កម្ពុជាអភិវឌ្ឍន៍កាន់តែក្រទៅៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាលបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសផ្តើមចេញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៧៩ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ជាដើម បែរជាក្រុមប្រឆាំងចោទថា កម្ពុជាអភិវឌ្ឍន៍កាន់តែក្រទៅៗ។ ពាក់ព័ន្ធការចោទប្រកាន់បែបនេះ សម្តេចតេជោ ហ៊ុន សែន បានបបួលក្រុមប្រឆាំងស្បថដាក់ជីវិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តើក្រុមប្រឆាំងដែលចោទថា កម្ពុជាកាន់តែក្រទៅៗហ៊ានស្បថឲ្យស្លាប់តៃហោងទេ។ សម្តេចថា អ្នកចោទថា កម្ពុជាក្រទៅៗក្រោយឆ្នាំ១៩៧៩ រកតែស្បែកជើងពាក់មិនបានផង ឥឡូវមានផ្ទះនៅ មានរថយន្តទំនើបជិះ ហើយបែរជាថា ក្រទៅៗ។

សម្តេចតេជោ លើកឡើងថា ការចោទថា កម្ពុជាកាន់តែក្រទៅៗជាអំពោះអយុត្តិធម៌ និងជាការប្រមាថមើលងាយលើជាតិសាសន៍ខ្មែរខ្លួនឯង បើទោះជាអ្នកប្រមាថនោះរស់នៅក្រៅប្រទេសក្តី តែឪពុក-ម្តាយ និងក្រុមគ្រួសារខ្លួនកំពុងរស់នៅយ៉ាងសុខស្រួលក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេស៕






No comments:

Post a Comment