Monday, February 27, 2023

ផ្សាយបន្តផ្ទាល់: សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស។


 ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបាន​ផ្តល់​កិត្តិយស​អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត​ ដែល​បញ្ចប់​​ការសិក្សាពីវិទ្យា​ស្ថាន​​ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន​អញ្ជើញ​ជាអធិបតីចំនួន​ ៤លើក​​រួច​ហើយ។

លោក អ៉ិត សំហេង បានឱ្យដឹងថា គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត​មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន​២៩នាក់ ក្នុងចំណោម ១៧០នាក់។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកឱ្យថា វិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេកទេស ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ ដែលមានឈ្មោះថា «មជ្ឈមណ្ឌល​ព្រះកុសុមៈ»។ ប៉ុន្តែមជ្ឈមណ្ឌលនេះ ត្រូវបានផ្អាកដំណើរការក្នុងរបបប្រល័យពូជសាស្ត្រ ប៉ុល ពត និងត្រូវបានដំណើរឡើងវិញ នៅឆ្នាំ១៩៨១ និងត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់។

វិទ្យាស្ថាននេះ បានផ្ទេរពីក្រសួងអប់រំ យុវជន និងកីឡា មកក្រោមក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ មានឈ្មោះថា «វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស»។ វិទ្យាស្ថាននេះ មានភារកិច្ចស្នូល​ចំនួន២ គឺបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេ សសម្រាប់ធ្វើជាគ្រូបច្ចេក ទេសបម្រើ​ការងារ​នៅតាម​គ្រឹះ​ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពី​រយៈពេលខ្លី រហូតដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។

លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា វិទ្យាស្ថាននេះ មានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិក​ខ្មែរ​-បរទេស ជាប់កិច្ចសន្យា សរុបចំនួន ២៥៨នាក់ ស្រី ៦៤នាក់។ ក្នុងនោះមានកម្រិតថ្នាក់​បណ្ឌិត​ចំនួន ០៩នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០៨នាក់ ស្រី ១៨នាក់ កម្រិតថ្នាក់បរិញ្ញា​បត្រ/​វិស្វ​ករ​ចំនួន ៨៤នាក់ ស្រី ២៨នាក់ កម្រិតក្រោមបរិញ្ញាបត្រចំនួន ៥៧នាក់ ស្រី ១៨នាក់។

បើតាមលោក អ៉ិត សំហេង ចាប់តាំងពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន វិទ្យាស្ថាន បានបណ្តុះ​បណ្តាល​សិក្ខា​កាម សិស្ស និស្សិត គរុនិស្សិត សរុបប្រមាណ ១៨,៤៩៦នាក់ ស្រី ២,២១៨នាក់។ ក្នុងនោះបញ្ចប់​ការ​សិក្សាចំនួន ១៤,២៧០នាក់ ស្រី ១,៧៥២នាក់ និងកំពុងសិក្សាសរុប ៤,២២៦នាក់ ស្រី ៤៦៦​នាក់។ នៅវិទ្យាស្ថាននេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោចំនួន ១៧០នាក់ ក្នុងនោះ​បានបញ្ចប់ការសិក្សាចំនួន ៨០នាក់ និងកំពុងបន្តការសិក្សា ៩០នាក់។

គរុនិស្សិតដែលបានបញ្ចប់ការសិក្សា ក្រសួងបានចាត់តាំងឱ្យបម្រើការងារនៅតាមគ្រឹះស្ថានសិក្សានានា​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់​ការបណ្តុះបណ្តាលពីវិទ្យាស្ថាន ទទួលបានការងារធ្វើ ១០០ភាគរយ ដែលក្នុងនោះ មាន​៩២ភាគរយចេញធ្វើការ និង៨ភាគរយទៀត បន្តការសិក្សា ឬបង្កើតមុខរបរដោយខ្លួនឯង។ ក្រៅពីនេះ វិទ្យាស្ថាន ក៏ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO 9001:2015 ព្រមទាំងទទួលបានលទ្ធផល​ល្អប្រសើរ​នៃការវាយតម្លៃការធានាគុណភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


#វិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស #NTTI

#ហ៊ុនសែន #Hunsen

#កម្ពុជា #Cambodia

No comments:

Post a Comment