យោងតាមសេចក្តីជូនព័ត៌មានចុះថ្ងៃទី២២
ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុង
«វេទិកាសេដ្ឋកិច្ចអាស៊ី អ៊ឺរ៉ុបលើកទី៦» នៅស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦
ខែកញ្ញា ឆ្នាំ២០១៥ និងចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម «កិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពីសមភាពយេនឌ័រ
និងការលើកកម្ពស់ស្រ្តី៖ ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ «ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញីវយ៉ក
ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។
ក្នុងនាមជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃ
«សម័យប្រជុំលើកទី៧០របស់មហាសន្និបាតអង្គការសហប្រជាជាតិ»
និងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលប្រមុខដឹកនាំស្តីពីការរក្សាសន្តិភាព»
ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ឯកឧត្តមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ
បាន គីមូន។ ក្នុងឱកាសស្នាក់នៅទីក្រុងញីវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងកិច្ចប្រជុំមួយចំនួន
ដូចខាងតទៅ៖ ១-កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន ២-កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០, ៣-កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន
សហរដ្ឋអាមេរិក និង៤-កិច្ចប្រជុំលើកទី២ថ្នាក់រដ្ឋមន្រ្តីអាស៊ាន
សម្ព័ន្ធមិត្តប៉ាស៊ីហ្វិក។
បន្ថែមពីនេះ
ឯកឧត្តមឧបនាយករដ្ឋមន្រី្ត នឹងមានជំនួបមួយចំនួនផងដែរ តាមការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេស
អូស្រ្តាលី ប៉ូឡូញ ហ្សកហ្ស៊ី ស៊ុយអ៊ែត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
និងទីប្រឹក្សាក្រសួងការបរទេសអាមេរិក៕


No comments:
Post a Comment