នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ (Wing Bank Tower) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារវីង បានដើរតួនាទីយ៉ាងសំខាន់ដោយសហការជាមួយក្រុមហ៊ុន ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាលរួមមាន៖ ទី១- ការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងទី២- នៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមរួមទាំងការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលបានព្យួរការងារ ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ-១៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ធនាគារវីង បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់ប្រជាជនប្រមាណ៨០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៣,៣លាននាក់ តាមបណ្តាញភ្នាក់ងារវីងជាង១,៥ម៉ឺនកន្លែងចាប់ពីខែមិនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣នេះ។
លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ធនាគារវីង បានគាំទ្រនិងជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក E-government របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាបើកប្រាក់បៀវត្សមន្រ្តីរាជការស្ថាប័នជាច្រើន សេវាទូទាត់វិក្ក័យបត្រពន្ធលើអចលនទ្រព្យ សេវាកម្មទូទាត់ស្លាកលេខរបស់ក្រសួងសាធារណការនិងដឹកនាំជញ្ជូន ការទូទាត់ពន្ធគយ និងការទូទាត់សេវាកម្មសាធារណៈផ្សេងៗទៀត៕
No comments:
Post a Comment