Wednesday, December 20, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនាគារវីងបានគាំទ្រ និងជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិច (E-government) របស់កម្ពុជា



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ធនាគារវីងបានដើរតួនាទីយ៉ាងសំខាន់ តាមរយៈការសហការជាមួយក្រុមហ៊ុន ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលរួមមានដូចជា៖

ទី១-ការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំក្នុងគ្រួសារក្រីក្រ

ទី២-នៅពេលមានវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមទាំងការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត នៅក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលបានព្យួរការងារ, ប្រជាជនដែលមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២, ប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារកូវីដ-១៩ ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ធនាគារវីងបានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនប្រជាជនប្រមាណ ៨០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួន ៣,៣លាននាក់ តាមរយៈបណ្តាញភ្នាក់ងារវីងជាង ១,៥ម៉ឺនកន្លែង ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២៣។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» ក្នុងរាជធានីភ្នំពេញ។


ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍរបស់ធនាគារវីងបានគាំទ្រ និងជំរុញដល់ដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិច (E-government) របស់កម្ពុជា តាមរយៈការផ្តល់សេវាបើកប្រាក់បៀរវត្សរ៍មន្រ្តីរាជការនៅតាមស្ថាប័នជាច្រើន សេវាទូទាត់វិក្ក័យប័ត្រ សេវាបង់ពន្ធលើអចលនទ្រព្យ សេវាទូទាត់ស្លាកលេខយានយន្តរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ការទូទាត់ពន្ធគយ និងការទូទាត់លើសេវាកម្មសាធារណៈផ្សេងទៀត៕

No comments:

Post a Comment