Tuesday, January 14, 2014

ប្រមុខ​​រដ្ឋា​ភិបាល​​កម្ពុជា-វៀតណាម​ ប្រកាស​​ដាក់​​ឲ្យ​​ដំណើរ​ការ​​មន្ទីរ​ពេទ្យ​​​ជោរៃ​​ភ្នំពេញ​

មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ ដែល​បាន​សា​ង​សង់​ឡើង​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ ៤២​លាន ដុល្លារ​អាមេរិក មាន​ទីតាំង​លើ ផ្ទៃដី​ទំហំ ៥០០០០​ម៉ែត្រការ៉េ នៅ​ខាងត្បូង ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិ​បឹង​ឈូក សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី​នៃ​សា​ធា​រណរដ្ឋ​សង្គម​និយមវៀតណា​។

ថ្លែង​ក្នុង​ពិធី​សម្ពោធមន្ទីរពេទ្យជោរៃ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ចាត់​ទុក​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ ជា​សមិទ្ធ​ផល​ថ្មី​មួយ​បន្ថែម​ទៀត នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​វៀតណាម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ គឺជា​គម្រោង​ដំបូងនៃ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​សុខាភិបាល ហើយ​សង្ឃឹមថា គ្រូ​​ពេទ្យ​នៅ​ទីនេះ គឺជា​ស្ពាន​ដ៏​ល្អនៃ​ទំនាក់ទំនង​រវាង ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​វៀត​ណាម។

សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ ក៏​បានមាន​ប្រសាសន៍​រម្លឹកអំពី​ប្រវត្តិ​នៃ​ការនាំ​ឲ្យ​កើត​មាន​មន្ទីរ​ពេទ្យជោរៃភ្នំពេញ​ថា ដោយ​សង្កេតឃើញពលរដ្ឋ​កម្ពុជា​តែងតែ​ស្វែងរក​ការ​ព្យា​បាល​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​វៀតណាម គឺ​មន្ទីរពេទ្យ​ជោរៃ ដោយ​រាប់​ទាំង​សម្តេច​ផង​នោះ ដូច្នេះ​ទើប​សម្តេច​បាន​ស្នើសុំឱ្យ​មាន​ការវិនិយោគ​មន្ទីរពេទ្យ ដ៏​ទំនើប​បែប​នេះ​មួយ នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​ផ្លូវ​វែងឆ្ងាយ​ទៅកាន់​ប្រទេស​វៀតណាម។ ដោយសារ​ហេតុនេះ​ហើយ ទើប​សម្តេច និង​លោកនាយករដ្ឋមន្ត្រី​វៀត​ណាម ពិនិត្យ​ឱ្យ​មាន​ការកសាង​មន្ទីរពេទ្យ​នេះ​ឡើងនៅលើ​ទីតាំងសមស្រប​មួយ ដើម្បី​ឆ្លើយ​តប​ទៅនឹងសេចក្តីត្រូវការរបស់​អ្នក​អាច​ទទួល អ្នកជំងឺ​មកពី​គ្រប់​ទីកន្លែង ដោយ​រាប់​ទាំងជន​បរទេស ដែល​រស់​នៅ​កម្ពុជា និង​អ្នក​ទេសចរណ៍​ផងដែរ​។​

សម្តេច​តេជោនាយករដ្ឋមន្ត្រី​ បាន​អំពាវនាវឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវការ​ពិនិត្យព្យាបាលជំងឺ ឱ្យ​មក​ពិនិត្យ​ព្យាបាលនៅ​មន្ទី​ពេទ្យ​ជោរៃភ្នំពេញ ពីព្រោះ​មិន​ចំណាយ​ពេលវេលា​ និង​ផ្លូវ​វែងឆ្ងាយ ទៅ​ប្រទេស​វៀតណាម​ទៀតឡើយ។

លោក ង្វៀន ហ័ង​ណា​ម ( Nguyen Hoang Nam) ប្រធាន​មន្ទីរពេទ្យ​ជោរៃ​ បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​ជោរៃភ្នំពេញ ​បាន​បញ្ចុះ​បឋមសិលា​សាង​សង់ កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១០ និង បញ្ចប់​ការសាងសង់ នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ ​បំពាក់​ដោយ​ឧបករណ៍ និង​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​នាំចូល​ពី​ក្រៅ​ប្រទេស​ទាំងអស់ ដែលមាន​ស៊េរី​ខ្ពស់ តាម​កម្រិត​ស្តង់ដារ​ឆ្នាំ​២០១៣។

មន្ទីរពេទ្យ​នេះ មាន​អគារ​ធំៗចំនួន​៣ ដែល​មាន​ទំហំ ១០០០០​ម៉ែត្រការ៉េ បើកបម្រើ​សេវា​ពិនិត្យ​ជំងឺ និង​ផ្តល់​ប្រឹក្សា​តាម​ផ្នែក​ជំនាញ​ជូន​អ្នកជំងឺ​ដោយ​សមរម្យ​។ បច្ចុប្បន្នមន្ទីរពេទ្យ​នេះ មាន​បន្ទប់​សម្រាករៀបចំ​ទៅតាម​បទដ្ឋាន​ចំនួន ១០៦​បន្ទប់ មាន​គ្រែ​ប្រមាណ​២០០ និង​បុគ្គលិក​មានសមត្ថភាព ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ប្រមាណ​២០០​នាក់ បម្រើ​ការងារដោយសុជីវធម៌ និង​វិជ្ជាជីវៈ រួមមាន វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និង​បុគ្គលិក​គ្រប់គ្រង​រដ្ឋបាល​។

ប្រធាន​មន្ទីរពេទ្យ​ជោរៃ បាន​បន្ត​ឲ្យដឹងដែរ​ថា មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ មាន​ចំនួន ៤០​ឯកទេស ក្នុងនោះ មានជំនាញ​ខាងរំលាយ​អាហារ ត្រចៀក បំពង់ក លលាដ៍ក្បាល ថ្លើម បេះដូង វះកាត់​ពុះ​ច្រៀក​បេះដូង ត​សរសៃ​ខួរក្បាល វះកាត់​ត​ឆ្អឹង បាញ់​ក្រួស ក្នុង​ប្រមាត់ និង​វះកាត់​កែ​សម្ផស្ស។

ក្រៅ​ពី​គ្រូពេទ្យ​ជំនាញ​របស់​វៀតណាម កម្ពុជា​ក៏​មាន​វេជ្ជបណ្ឌិត ចំនួន​៥០​នាក់ ដែល​បាន​ទៅ​សិក្សា​ជំនាញ​ច្បាស់លាស់នៅ​ប្រទេស​វៀតណាម និង​មាន​គិលានុបដ្ឋាយិកា​ចំនួន​៨០​នាក់​បាន​​សិក្សា​បន្ថែម លើ​មុខ​ជំនាញដាក់​ថ្នាំ​សណ្តំ ផ្នែក​ពិសោធន៍ វិទ្យុ​សាស្ត្រ ឆ្មប ឱសថ​សាស្ត្រ ម៉ាស៊ីន អេកូ​ថត​ឆ្លុះ លើ​មុខ​ជំនាញ ជាង​៣០ និង គិលានុបដ្ឋាយិកា​ទូទៅ៕

No comments:

Post a Comment