Tuesday, November 21, 2017

តើសេដ្ឋកិច្ច​ Zimbabwe​ ដួលរលំដោយ​របៀបណា​ក្រោមការដឹកនាំ​របស់លោក​ Mugabe​

វាមានការលំបាកខ្លាំងណាស់ក្នុងការស្តារសេដ្ឋកិច្ចរបស់ Zimbabwe ក្នុងហេតុផលពីរគឺ៖

ទីមួយ គឺកង្វះព័ត៌មាន ហើយព័ត៌មានដែលបានធ្វើឡើងដោយអាជ្ញាធរ Zimbabwe អាចត្រូវបានបំភ័យ។

ទីពីរ គឺថា ការដួលរលំសេដ្ឋកិច្ចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានន័យថា សកម្មភាពសេដ្ឋកិច្ចជាច្រើនគឺពុំមានលក្ខណៈ “ច្បាស់លាស់ ផ្លូវការ”។ និយាយបានថា សកម្មភាពសេដ្ឋកិច្ចធ្វើឡើងដោយការទូទាត់សាច់ប្រាក់សុទ្ធ ឬក៏ដោះដូរជាទំនិញ និងសេវាកម្ម ដូច្នោះ វាពិបាកក្នុងការគ្រប់គ្រង។

ប្រតិបត្តិការពាណិជ្ជកម្មមួយចំនួនធំត្រូវបានបិទបាំងដោយមន្រ្តី។

ចំណុចទីពីរនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះ អ្នកសិក្សាស្រាវជ្រាវបានស្វែងរកភស្តុតាងជាក់ស្តែងចំពោះចំនុចដែលបានលើកឡើងនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ “ស្រមោល” សេដ្ឋកិច្ចបានកើនឡើងនៅក្នុងប្រទេស Zimbabwe គឺកើនឡើងយ៉ាងខ្លាំងធៀបនឹងទៅនឹងសេដ្ឋកិច្ចផ្លូវការ។ នេះគឺជាបញ្ហាមួយ ដែលអ្នកសេដ្ឋកិច្ចតែងតែជួបប្រទះនៅក្នុងពិភពលោក។

នៅ Zimbabwe យោងតាមការសិក្សាស្រាវជ្រាវចុងក្រោយបំផុតបានបង្ហាញថា សេដ្ឋកិច្ចស្រមោលប្រហាក់ប្រហែល ៣៣ ភាគរយនៃ GDP របស់ប្រទេស។ អ្វីដែលច្បាស់នោះគឺថា សេដ្ឋកិច្ចរបស់ Zimbabwe បានដួលរលំក្រោមការដឹកនាំរបស់លោក Robert Mugabe។

ផលិតកម្មចំណីអាហារបានធ្លាក់ចុះពាក់កណ្តាលនៅទសវត្សរ៍ឆ្នាំ ១៩៩០ ជាលទ្ធផលនៃការសម្រេចចិត្តរបស់លោក Mugabe ក្នុងការបោសសម្អាតកសិករស្បែកស ហើយជំនួសមកវិញដោយពួកស្បែកខ្មៅ ដែលភាគច្រើន ពុំមានបទពិសោធន៍ក្នុងការធ្វើកសិកម្ម។

ការចូលរួមរបស់ Zimbabwe នៅក្នុងសង្រ្គាម Congo បានបង្កើតបំណុល ខណៈដែលអាត្រាការប្រាក់បានរារាំងដល់ការកំណើនសេដ្ឋកិច្ច។

រឿងនេះកាន់តែអាក្រក់ ចន្លោះឆ្នាំ ១៩៩៩ និងឆ្នាំ ២០០១ នៅពេលដែលលោក Mugable បង្កើនការដាក់សម្ពាធលើកសិករស្បែកស ហើយលើកទឹកចិត្តឱ្យមានការរឹបអូសយកដីធ្លី។

រដ្ឋាភិបាលជាច្រើន បានផ្អាកការផ្តល់ជំនួយដល់ Zimbabwe ដោយសារតែកត្តានេះ ក៏ដូចជាដោយសារការបង្រ្កាបយ៉ាងឃោរឃៅលើក្រុមប្រឆាំង។

ក្រោយមកក៏មានការឡើងថ្លៃទំនិញ។ ចេញពីអាត្រា ៥៩ ភាគរយនៅឆ្នាំ ២០០០ អតិផរណាបានកើនឡើងស្ទើរតែ ៦០០ ភាគរយ នៅឆ្នាំ ២០០៣ ហើយនៅឆ្នាំ ២០០៦ អតិផរណាបានជំរុញឱ្យមានការរំពឹងថា នឹងកើនឡើងដល់ ១២០០ ភាគរយ។

មួយឆ្នាំក្រោយមកទៀត អាត្រានេះបានកើនឡើងដល់ ៦៦.២០០ ភាគរយ ហើយនៅចុងឆ្នាំ ២០០៨ វាកើនកើនជិត ៨០.០០០.០០០.០០០ ភាគរយ (៨០ ពាន់លាន)។ ក៏ប៉ុន្តែ នៅឆ្នាំ ២០០៧ រដ្ឋាភិបាល Zimbabwe បានប្រកាសថា អតិផរណានេះខុសច្បាប់។

 គ្មានការត្រឡប់ក្រោយបានទេសម្រាប់លោក Robert Mugabe

សហគ្រិន និងអ្នកធុរកិច្ចដែលបង្កើនតម្លៃទំនិញរបស់ខ្លួន ត្រូវបានចាប់ខ្លួន ជាងនេះទៅទៀត ការកើនឡើងតម្លៃទំនិញនេះ បានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ខណៈដែលរដ្ឋាភិបាលបានបង្កកប្រាក់ខែ។

ជាលទ្ធផលនៃស្ថានភាពនេះ គឺថា យោងតាមធនាគារពិភពលោក World Bank បានឱ្យដឹងថា GDP សរុបរបស់ Zimbabwe​ បានធ្លាក់ចុះពី ៨,៦ ពាន់លានដុល្លារ មកត្រឹម ៤.៤ ពាន់លានដុល្លារនៅឆ្នាំ ២០០៨។

ចំណូលជាតិក្នុងមួយឯកតា បានធ្លាក់ចុះពី ១.១០០ ដុល្លារអាមេរិក នៅឆ្នាំ ១៩៨១ មកត្រឹម ៣០០ ដុល្លារអាមេរិកនៅឆ្នាំ ១៩៩៨។

នៅឆ្នាំ ២០០៩ រដ្ឋាភិបាល Zimbabwe បានទទួលស្គាល់ និងឯកភាពថា ការប្រើប្រាស់រូបិយវត្ថុបរទេស ជាពិសេស ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ និងប្រាក់ Rand របស់អាហ្រ្វិកខាងត្បូង លែងខុសច្បាប់ទៀតហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលអ្នកធ្វើការក្នុងវិស័យសាធារណៈនៅតែទទួលបានប្រាក់ខែជាប្រាក់ដុល្លារ Zimbabwe ដែលគ្មានតម្លៃនោះ ការចាយប្រាក់បរទេសគឺជាកត្តាដែលពួកគេមិនពេញចិត្ត។

ក៏ប៉ុន្តែ ការប្រើប្រាស់រូបិយវត្ថុនេះបានស្តារលើកត្តាមួយចំនួន។ នៅឆ្នាំ ២០០៩ តម្លៃទំនិញបានធ្លាក់ចុះជាលើកដំបូងនៅក្នុងរយៈពេលប្រាំឆ្នាំ ហើយជាការឆ្លើយតបទៅនឹងការចែកអំណាចរបស់លោក Mugabe ជាមួយនឹងមេដឹកនាំគណបក្សប្រឆាំង លោក Morgan Tsvangirai មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឯកភាពផ្តល់កញ្ចប់ជំនួយប្រមាណជា ៤០០ លានដុល្លារ។

GDP របស់ Zimbabwe បានកើនឡើងដល់ ៨,៤ ពាន់លានដុល្លារនៅឆ្នាំ ២០០៩ ហើយបានងើបឡើងជារៀងរាល់ឆ្នាំចាប់តាំងពីពេលនោះមក ហើយយោងតាមធនាគារពិភពលោក គឺថា បានកើនឡើងដល់ ១៦.៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។

នៅឆ្នាំនេះ គេរំពឹងថា GDP នឹងកើនឡើង ២,៨ ភាគរយ បើទោះបីជារបបលោក Mugabe បានព្យាករណ៍ ៣,៧ ភាគរយ។ ក៏ប៉ុន្តែ កំណើនសេដ្ឋកិច្ចបានរាំងស្ទះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណើនសេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ១.១ ភាគរយនៅឆ្នាំ ២០១៥ និង ០,៥ ភាគរយកាលពីឆ្នាំមុន។

ដូចប្រទេសមួយចំនួននៅតំបន់អាហ្រ្វិកដែរ ប្រទេស Zimbabwe បានពឹងផ្អែកភាគច្រើនលើការនាំចេញធនធាន ដែលមានដូចជា ថ្នាំជក់ មាស ផ្លាកទីន។ ជានេះទៅទៀត Zimbabwe ក៏ជាប្រទេសដែលនាំចេញស្រូវសាលី និងពោត គួរឱ្យកត់សម្គាល់ផងដែរ ក៏ប៉ុន្តែ វាបានដួលរលំទៅវិញដោយការការរឹបអូសដីធ្លី និងកង្វះសាច់ប្រាក់នៅក្នុងប្រទេស។

 លោក Mugabe វីរៈបុរសសង្រ្គាម ដែលក្លាចជាជនផ្តាច់ការ

ប្រទេសជាច្រើនមានការស្ទាក់ស្ទើរក្នុងការវិនិយោគនៅក្នុងប្រទេស Zimbabwe ដោយសារការរីករាលដាលនៃអំពើពុករលួយ ការជ្រៀតជ្រែកដោយរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ច។

ខណៈដែលវិស័យកសិកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច Zimbabwe ប្រទេសនេះក៏មានធនធានផ្សេងទៀត ដូចជាធ្យូងថ្មជាដើម។ ធនធានរ៉ែត្បូងរបស់ Zimbabwe ជាប់លំដាប់ទីពីរ បន្ទាប់ពីរុស្ស៊ី ខណៈដែល ផ្លាកទីន គឺជាធនធានដែលជាប់លំដាប់ទីពីររបស់ Zimbabwe នៅក្នុងទ្វីបអាហ្រ្វិក។ ដូច្នោះ Zimbabwe គឺជាប្រទេសដែលសម្បូរធនធានធម្មជាតិ ដែលប្រទេសផ្សេងទៀតមានការច្រណែនជាខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជន Zimbabwe ជាច្រើនបានចាកចេញទៅកាន់អាហ្រ្វិកខាងត្បូង និងកន្លែងផ្សេងទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការផ្ញើប្រាក់មកផ្ទះវិញរបស់ពួកគេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួបទប់ទល់ការដួលរលំសេដ្ឋកិច្ច Zimbabwe។

ប្រសិនបើ​ លោក Mugabe នៅទីបំផុតត្រូវបានទម្លាក់ចេញពីអំណាច ហើយលទ្ធិប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញនោះ ប្រជាជន Zimbabwe ជាច្រើនអាចនឹងវិលត្រឡប់មកស្រុកកំណើតវិញ ដែលកត្តានេះនឹងជួយដល់ដំណើរការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕



ប្រភព : Sky News ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment