Sunday, August 14, 2016

សម្តេច​ចៅហ្វាវាំង គង់ សំអុល ជួបសំណេះ​សំណាល​ជាមួយ​អាជ្ញាធរ​ដែនដី និងប្រជា​ពលរដ្ឋនៅ​ស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីព្រះបរមរាជវាំង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដើម្បីពិនិត្យការជីកស្រះ ដែលមានទទឹង ១០០ម៉ែត្រ និងបណ្តោយ ១២០ម៉ែត្រ ដែលជាព្រះរាជអំណោយរបស់់សម្តេចម៉ែ និងបានចូលរួមដាំកូន ឈើចំនួន ២០០ដើមផងដែរ។

អញ្ជើញចូលរួមនាឱកាសនោះដែរ មានឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលកិច្ចការ ទូទៅព្រះបរមរាជវាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងព្រះបរមរាជវាំង និងអស់លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សរុបប្រមាណជា២០០នាក់។

សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិត ស្រឡាញ់ និងសេចក្តីនឹករលឹកគ្រប់ពេលវេលាយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្តេចម៉ែជាទីសក្ការៈ ជូនដល់អាជ្ញាធរដែនដី និងប្រជារាស្រ្ត ជាកូនចៅរបស់ព្រះអង្គ។

សម្តេចចៅហ្វាវាំងបានមានប្រសាសន៍ថា ដោយបង្ហាញនូវព្រះរាជហឫទ័យអាណិតស្រឡាញ់ប្រជារាស្រ្តនោះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គតែងតែបានបរិច្ចាគនូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ដើម្បីចូលរួមកសាងសមិទ្ធផលទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រនៅទូទាំងប្រទេស។

សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍប្រទេសជាតិគឺជាការបន្តវេន ពីបុព្វបុរសខ្មែរ ពិសេសក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័ននីតិ ប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយបានធ្វើឱ្យប្រទេសជាតិបានចាកផុត ពីសង្គ្រាមដ៏ខ្លោចផ្សារ សង្គមជាតិទាំងមូលមានសាមគ្គីភាព ឯកភាពជាតិដ៏រឹងមាំ ប្រទេសជាតិទទួលបាន សេចក្តីសុខ សន្តិភាពពេញលេញ ប្រជារាស្រ្តរស់នៅមានសិទ្ធិសេរីភាពពេញបរិបូរណ៍ ប្រកបដោយ សេចក្តីសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង តែងតែបាន យកចិត្តទុកដាក់ជានិច្ច និងគិតគួរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍន៍ឱ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។ សម្តេចបានចូលរួមកសាង នូវសមិទ្ធផលនានាជាច្រើននៅតាមបណ្ដា ខេត្ត ស្រុក ខណ្ឌ និងសហគមន៍ ដើម្បីផ្តល់សេចក្ដីសុខដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបកមុខរបផ្សេងៗបានស្រួល និងការរស់នៅដោយសុខដុមរមនា។

នៅក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានប្រកាសផ្តល់ផ្លូវទំនប់១ខ្សែប្រវែង ៤គីឡូម៉ែត្រ ចាក់ បេតុងមិនឱ្យលិចទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីទំនប់តាកុយស្ថិតក្នុងឃុំព្រៃគ្រី ដល់ព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម តាមរយៈក្រសួងធនធានទឹក ចាប់ដំណើរការនៅដើមឆ្នាំ ២០១៧ខាងមុខនេះ។

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្ដទុកដាក់ពីជីវភាព និងចូលរួមលើកកម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សម្តេច ចៅហ្វាវាំង គង់ សំអុល ក៏បានជំរុញឱ្យអាជ្ញាធរដែនដីរកដីសម្រាប់ ធ្វើផ្សារជូនបងប្អូនអាជីវករ លក់ដូរឱ្យបាន សមរម្យ ហើយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកនួវអំ ណោយមកចែកជូន ប្រជាពលរដ្ឋដែលមកចូលរួម ដោយក្នុងម្នាក់ៗទទួលបានសារុង ០១ និងថវិកាមួយចំនួនផងដែរ៕






No comments:

Post a Comment