Tuesday, October 01, 2019

ប្រាសាទកណ្តាលស្រះស្រង់ប្រារព្ធពិធីក្រុងពាលីគ្រោងនឹងដំណើរការជួសជុលនាឆ្នាំក្រោយ!

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រីបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំងលោក លោកស្រី និងមន្ត្រី បុគ្គលិកជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពាលីដើម្បីសុំការអនុញ្ញាត ពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យរួចផុតពីហានីភ័យទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
តាមប្រសាសន៍លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺជាសមិទ្ធិផលទី២បន្ទាប់ពីរហាត់ទឹកដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រីបណ្ឌិត សៀង ចាន់ហេង ដែលបានរួមចំណែកក្នុងការជួសជុលបេតិកភណ្ឌជាមួយអាជ្ញាធរជាតិអប្សរា។
តាំងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោក ក៏សូមថ្លែងអំណរគុណដល់លោកស្រីនិងក្រុមការងារដែលជាអ្នកវិនិយោគទុនក្នុងវិស័យឯកជន តែងបានគិតគូរដល់វិស័យបេតិកភណ្ឌដែលកំពុងត្រូវការការរួមចំណែកពីសប្បុរសជនគ្រប់ទិសទីដើម្បីជួសជុលមរតកវប្បធម៌ជាតិជាមួយស្ថាប័នរដ្ឋទាំងសំណង់បុរាណនិងការដាំកូនឈើដើម្បីលើកកម្ពស់ភាពបៃតងក្នុងតំបន់អង្គរ។ កិច្ចការនេះដែរ គឺលោកស្រីពិតជាគំរូមួយដែលបានបំពេញកាតព្វកិច្ចយ៉ាងល្អក្នុងនាមជាកូនខ្មែរមួយរូប ដែលត្រូវតែមានចំណែកក្នុងការការពារ ថែរក្សាមរតកដូនតាដោយខានពុំបាន។
ក្នុងនាមសប្បុរសជនជួយជួសជុលប្រាសាទកណ្តាលស្រះស្រង់ លោកស្រីបណ្ឌិត សៀង ចាន់ហេង បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីប្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី ទសបារមីនៃតំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យមានភាពរូបរាងឡើងវិញរួចចាកផុតពីភាពខ្ទេចខ្ទាំ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានឱ្យវិស័យឯកជនរួមចំណែកក្នុងកិច្ចការពារ ថែរក្សា កសាង អភិរក្សនូវសមិទ្ធិផលមរតកបេតិកភណ្ឌដែលដូនតាបន្សល់ទុកឱ្យ ហើយលោកជំទាវនឹងបន្តកិច្ចការនេះជាបន្តបន្ទាប់ទៅតាមលទ្ធភាពនិងឱកាសដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ដែរថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ ជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរានិងវិស័យឯកជនបានរួមដៃគ្នាជួសជុលប្រាសាទនេះឡើងវិញ។ ដំណើរការជួសជុល គ្រោងនឹងចាប់ផ្តើមឡើងនៅរដូវប្រាំង ព្រោះទឹករីង ងាយស្រួលក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរានឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លងយោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ទើបដំណើរការជួសជុលបាន៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន













No comments:

Post a Comment