Tuesday, October 01, 2019

កិច្ចប្រជុំស្តីពីការចុះពិនិត្យសិក្សាពីផលប៉ះពាល់ខូចខាតដោយសារគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ

ក្រចេះ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងក្រសួងធនធានទឹក ជាមួយលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីសិក្សាពីតម្រូវការក្នុងការស្តារឡើងវិញតាមវិស័យនីមួយៗ ជាពិសេសគឺវិស័យកសិកម្មអាចផ្តល់ពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រផ្សេងៗដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញនៅពេលដែលទឹកកំពុងតែស្រកចុះវិញនេះ ហើយបន្ទាប់មកលោក បានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាន និងបានបន្តសិក្សាស្វែងយល់ពីផលប៉ះពាល់ និងដើម្បីជួបពិភាក្សាជាក់ស្តែងជាមួយប្រជាពលរដ្ឋមូលដ្ឋាន ពីតម្រូវការជាក់ស្តែងក្រោយពីទឹកជំនន់។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន បានសម្រេចជាបន្ទាន់ផ្តល់ស្រូវពូជសម្រាប់ប្រជាពលរដ្ឋធ្វើការស្តារឡើងវិញឱ្យទាន់ពេលវេលា ដែលស្រូវពូជទាំងនេះគឺជាប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ទន្ទឹមនេះចំពោះតំបន់ភូមិសាស្ត្រដែលមិនអាចដាំដុះស្រូវទាន់ពេលវេលាបានគឺត្រូវសិក្សាលទ្ធភាពជាក់ស្តែងក្នុងការដាំដុះដំណាំរួមផ្សំផ្សេងៗ ជំនួសវិញដែលការគាំទ្រការស្តារឡើងវិញក្នុងវិស័យកសិកម្មនេះគឺត្រូវធ្វើឡើងក្នុងកម្រិតយុទ្ធសាស្ត្រ បំផុតដោយត្រូវផ្តល់ជាកញ្ចប់ដែលមានពូជ ទឹក បច្ចេកទេស និងផ្នែកខ្លះត្រូវមានប្រេងផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តសហការជាពិសេសគឺក្រសួងកសិកម្ម និងក្រសួងធនធានទឹកដើម្បីជួយដល់ ប្រជាពលរដ្ឋក្នុងការងារស្តារឡើងវិញ នេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីព្រោះនេះគឺជាផ្នែកសំខាន់មួយនៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕









No comments:

Post a Comment