Tuesday, October 01, 2019

លោក ប្រាក់ សុខុន៖ ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើងហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះអំណាងនៃការជ្រៀតជ្រែកផងនិងជាឧបករណ៍នយោបាយអន្តរជាតិផង

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអ.ស.ប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងអំពីតថភាពនៃពិភពលោក ពហុប៉ូល និងភាពផុយស្រួយនៃពហុភាគីនិយម ដោយសារកិច្ចគាំពារនិយម និងឯកតោភាគីនិយម និងការបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប ។ លោកបន្តថា ការជ្រៀតជ្រែកគ្រប់រូបភាពនៅបន្តកើតមានឡើង ហើយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាអំណះ អំណាងនៃការជ្រៀតជ្រែកផង និងជាឧបករណ៍នៃនយោបាយអន្តរជាតិផង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការគោរពគោលការណ៍សមភាព និងអធិបតេយ្យភាព ការគោរពសិទ្ធិក្នុងការចាត់ចែងជោគវាសនាដោយខ្លួនឯង និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ដូចមានចែងក្នុងធម្មនុញ្ញ អ.ស.ប មានសារៈសំខាន់ចាំបាច់ក្នុងការធានាឱ្យពហុភាគីនិយមរស់រានបន្ត និងអាចស្វែងរកនូវមាគ៌ាសន្តិភាព និងស្ថិរភាព សាមគ្គីភាព និងវឌ្ឍនភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គមហាសន្និបាតអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលផ្តោតជាសំខាន់លើគុណភាព និងបរិយាប័ន្ននៃការអភិវឌ្ឍឈរលើស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ» ការចូលរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តគាំទ្រលើពហុភាគីនិយម ពាណិជ្ជកម្មសេរី និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងមាន អ.ស.ប ជាស្នូល។
គួរបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអ.ស.ប ក្រោមមូលបទ៖ «ជំរុញកិច្ចប្រឹងប្រែងពហុភាគីសម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៩ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕





No comments:

Post a Comment