Tuesday, October 01, 2019

យុទ្ធនាការលើកម្រាម៩ ជាយុទ្ធនាការគាំទ្រផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ! សមត្ថកិច្ចអាចចាត់វិធានការតាមច្បាប់លើអ្នកចូលរួមយុទ្ធនាការនេះ!

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ថា យុទ្ធនាការលើកម្រាម៩ ជាយុទ្ធនាការគាំទ្រផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលសមត្ថកិច្ចអាចចាត់វិធានការតាមច្បាប់លើអ្នកចូលរួមលើយុទ្ធនាការនេះ។ លោក គឹម សន្តិភាព បានពន្យល់ថា ក្រុមមេខ្លោងរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បានបង្កើតយុទ្ធនាការលើកម្រាម៩ ដែលតាមការបញ្ជាក់របស់គេ គឺមានន័យថាគាំទ្រថ្ងៃវិលត្រឡប់របស់ទណ្ឌិតសម រង្ស៉ី ៩ វិច្ឆិកា ដែលការពិតនោះមានន័យស្មើនឹងគាំទ្រថ្ងៃកំណត់របស់ក្រុមនេះ ដើម្បីមកធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ហេតុនេះអ្នកចូលរួមក្នុងយុទ្ធនាការលើកម្រាម៩ គឺមានន័យថាចូលរួមគាំទ្រក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវប្រឈមនឹងការផ្តន្ទាទោស (បទរួមគំនិតក្បត់) តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ! អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចអនុវត្តរាល់វិធានការច្បាប់ ទៅលើជនទាំងនោះ។
ទន្ទឹមនឹងការលើកឡើងបែបនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់បុគ្គលមួយចំនួន ដែលលង់ខ្លួនក្នុងចលនាប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ឱ្យដកខ្លួនមករាយការណ៍ជូនសមត្ថកិច្ច នោះបុគ្គលមួយចំនួននោះ នឹងទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោសតាមមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ការចេញមុខមកបញ្ជាក់ផ្នែកច្បាប់ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីក្រុមមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានដាក់ចេញនូវយុទ្ធនាការមួយទៀត ដោយបង្ហាញការគាំទ្រចំពោះសកម្មភាពវិលត្រឡប់របស់លោក សម រង្ស៉ី នៅថ្ងៃ០៩ ខែវិច្ឆិកា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ពួកគេបានលើកម្រាមដៃ៩ ថតបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីជាសញ្ញាបង្ហាញការគាំទ្រ។ រាជរដ្ឋា​ភិបាល បានចាត់ទុកថា ផែនការវិលត្រឡប់ជាមួយនឹងការប៉ុនប៉ងផ្តួលរំលំនេះ គឺជារដ្ឋប្រហារខុសច្បាប់ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕




No comments:

Post a Comment