Thursday, March 07, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ ឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា ដោយសុខសន្តិភាព បានបង្កើនស្ថានភាពអំណោយផល ធ្វើឱ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគ ជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីគោលនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្រ្តីឱ្យបានកាន់តែទូលំទូលាយ។


នៅក្នុងវីដេអូសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល អាណត្តិមុនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈការបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។


នៅក្នុងវីដេអូសុន្ទរកថានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់និងសកលលោក បាននិងកំពុងសម្របខ្លួនទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយចរន្តនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាគន្លឹះ ដ៏ចាំបាច់មួយដើម្បីពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានបង្កើតឡើងទាំងកាលានុវត្តភាព និងបញ្ហាប្រឈមថ្មីៗនៅគ្រប់ទិដ្ឋភាពដែលតម្រូវឱ្យមានការអភិវឌ្ឍ និងធ្វើទំនើបកម្មស្ថាប័នសំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ហាទាំងនោះឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

No comments:

Post a Comment