នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធភា បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា ដោយបានឃើញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៥ របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ចំនួន០៧រូប អ្នកនាំពាក្យព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនថា ទោះបីសមាជិកព្រឹទ្ធសភាទាំង០៧រូប មកពីគណបក្សសមរង្ស៊ី ពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងសម័យប្រជុំវិសាមញ្ញ ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៥ នេះក្តី ក៏មានសមាជិកព្រឹទ្ធសភាចំនួន ៤៦រូប នៃចំនួនសមាជិកព្រឹទ្ធសភាសរុប ៦១រូប បានចូលរួមប្រជុំ ដែលដំណើរការដោយរលូន តាមរបៀបវារៈដែលបានគ្រោងទុក។
សេចក្តីថ្លែងការណ៍បន្តថា ប្រការដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ប្រកាន់យក ជំហរតាមមូលហតុ និងទឡ្ហីករណ៍របស់សមាជិករដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ ពុំមែនជា រឿងចម្លែកឡើយ។ ការកសាងកម្ពុជាជានីតិរដ្ឋនឹងគ្មានន័យឡើយ ប្រសិនបើអ្នកប្រព្រឹត្តខុស ពុំព្រមគោរពប្រតិបត្តិតាមច្បាប់ជាធរមានរបស់រដ្ឋ និងតាមសាលក្រមរបស់តុលាការ។
ជាមួយគ្នានេះ ប្រការដែលក្រុមសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី អំពាវនាវឲ្យបណ្តាប្រទេស និងស្ថាប័នអន្តរជាតិឲ្យជួយអត្តរាគមន៍ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋ អធិបតេយ្យ គឺជាទម្លាប់មួយដ៏គួរឲ្យខ្មាស់អៀន ដោយអ្នកទាំងនោះពុំបានគិតទាល់តែសោះ អំពីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង៕
No comments:
Post a Comment