Monday, July 15, 2019

វគ្គតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ

កោះកុង៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ស្រេង ហុង អភិបាលខេត្តស្ដីទីបានអញ្ជើញជាអធិបតី ក្នុងវគ្គតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ នៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប។
លោកអភិបាលខេត្តស្តីទី បានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់លើកទី១ ឆ្នាំ២០០២ មកទល់បច្ចុប្បន្ន ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតចំនួន ៧ លើករួចមកហើយ។
ការបោះឆ្នោត ដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានសារៈសំខាន់ណាស់ លើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជាគឺ ៖
១-ដើម្បីពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន។
២-នាំមកនូវការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចសមស្រប ពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។
៣-លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកំពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ ៕



No comments:

Post a Comment