Monday, July 15, 2019

កិច្ចប្រជុំបិទបញ្ចប់ឪសានវាទនៃការអនុវត្តអនុក្រឹត្យស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាល

ស្វាយរៀង៖ នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជាប្រធានគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសខេត្ត និងលោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គ-នាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទបញ្ចប់ឱសានវាទ នៃការអនុវត្តអនុក្រឹត្យ ស្ដីពីការ
លុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តស្វាយរៀង។
អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ លោក លោកស្រីឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង ស្រុក អធិការនគរបាល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល មេឃុំ ចៅសង្កាត់ និងកងកម្លាំងសរុបវត្តមានចំនួន២៦៣នាក់។
លោកអភិបាលខេត្ត បានបន្តថា ដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តកិច្ចការសំខាន់ៗចំពោះមុខ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស លោក លោកស្រីជាមន្ត្រីជំនាញ មន្ត្រីអនុវត្តច្បាប់ សមត្ថកិច្ច និងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១. អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តិនានាជាធរមាន។
២. ត្រូវចូលរួមសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវប្រកាសស្ដីពីការបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសេចក្ដីណែនាំស្ដីពីការចេញ លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន៍។
៣. រដ្ឋបាលក្រុង ស្រុក ត្រូវចាត់តាំងឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវលិខិតបទដ្ឋានគតិយុត្តិទាំងពីរខាងលើដល់គ្រប់មុខសញ្ញាពាក់ព័ន្ធនឹងជនបរទេសអន្តោប្រវេសន៍ដែលមានការចាំបាច់ត្រូវមកទទួលនូវសេវាតម្រូវការទាំងនេះ និងតាមដាន ពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវស្របតាមការណែនាំ ។
៤. ត្រូវចូលរួមសហការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស ជាពិសេសប្រកាសស្ដីពីបែបបទ នីតិវិធីការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
៥. ត្រូវបន្តពង្រឹង និងជំរុញការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ឲ្យបានជាប់ជាប្រចាំ តាមរយៈការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចនៅតាមគ្រឹះស្ថាន សិប្បកម្ម មូលដ្ឋានអាជីវកម្មនានា ការចុះធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន និងត្រូវធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះជនបរទេសដែលល្មើសច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ។
៦. អាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅតាមតំបន់ព្រំដែន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលស្នាក់នៅរបស់ជនបរទេសឲ្យបានច្បាស់លាស់។
លើសពីនោះគណៈអធិបតីក៏បានផ្តល់កិត្តិយសចែកមួុកសុវត្ថិភាពដល់អ្នកចូលរួមក្នុងកិច្ចប្រជុំនានេះផងដែរ៕







No comments:

Post a Comment