Monday, July 15, 2019

ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះ មហន្តរាយ៧ខែ ដើមឆ្នាំ២០១៩ និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត

កំពង់ធំ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ៧ខែដើមឆ្នាំ២០១៩ និងទិសដៅបន្តរបស់ខ្លួន ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញបច្ចេកទេស (គ.ជ.គ.ម)ថ្នាក់ជាតិ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក លោកមេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូ ប្រមាណ៤០០ នាក់។
ទន្ទឹមនឹងនេះដែរ លោកក៏បានរាយការណ៍ពីស្ថានភាព៦ខែ ដើមឆ្នាំ២០១៩នេះ ខេត្តកំពង់ធំបានជួបប្រទះនូវខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន៣៣ខ្នង, រន្ទះបាញ់មនុស្សស្លាប់ចំនួន៥នាក់ និងរបួសចំនួន៣នាក់, អគ្គីភ័យឆេះផ្ទះទាំង ស្រុង ចំនួន១២ខ្នង និងលង់ទឹកបាត់បង់អាយុជីវិតមនុស្សចំនួន១៤នាក់។ រីឯវិស័យកសិកម្មក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ មិនមានបញ្ហាប្រឈមវ័យគួរឲ្យកត់សម្គាល់នោះទេ។
ចំពោះទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺបន្តតាមដានជាប្រចាំនូវស្ថានភាពបាតុភូតធម្មជាតិផ្សេងៗដែលអាចបង្កជាគ្រោះមហន្តរាយ, បន្តផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ទាក់ទងនឹងគ្រោះមហន្តរាយទៅដល់មូលដ្ឋានឲ្យកាន់តែបានទូលំទូលាយ, បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងការត្រៀមបង្ការឆ្លើយតប និងស្ដារឡើងវិញពេលមានគ្រោះមហន្តរាយកើតឡើង។
ជាមួយគ្នានោះទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានសហគមន៏និងកងកម្លាំងប្រដាប់អាវុធ ដោយកន្លងមកតែងតែសហការគ្នាបានល្អ និងធ្វើការឆ្លើយតប បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង។
បន្ថែមពីនោះលោកទេសរដ្ឋមន្រ្តី បានស្នើពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាទាន់ពេលវេលាតាមរយៈការប្រើប្រាស់ “ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ (PRISM)” នឹងការលើកម្ពស់ការត្រៀមបង្ការ ការឆ្លើយបតបន្ទាន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន (Tablet) ការតាមដាន និងត្រួតពិនិត្យដែលជាយន្តការជំនួយក្នុងការសម្របសម្រួល និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា៕





No comments:

Post a Comment