Wednesday, July 28, 2021

លោក ទូ សាវុធ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៨ឆ្នាំ

កោះកុង÷ លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុ ១៨ឆ្នាំ តាមរយៈកម្មវិធី Zoom Meeting ។

គោលបំណងនៃកិច្ចប្រជុំគឺការពារប្រជាពលរដ្ឋកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវអ្នកជំងឺសម្រាកពេទ្យ និងស្លាប់បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងគោលដៅកាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការគម្រាមកំហែងនៃមេរោគបំលែងខ្លួនថ្មីៗ ជាពិសេសមេរោគប្រភេទដែលតា តាមរយៈការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២លាននាក់ នៅបំណាច់ខែតុលា ឆ្នាំ២០២១។

ការអនុញ្ញាតិឱ្យចាក់វ៉ាក់សាំងត្រូវ

-មានអាយុ គ្រប់១២ឆ្នាំ នៅថ្ងៃដែលមកចាក់វ៉ាក់សាំង

-មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់

-អ្នកកំពុងរស់នៅ ឬរៀនសូត្រ ក្រៅភូមិសាស្ត្រនៃលំនៅដ្ឋានរបស់ឱពុក-ម្ដាយ ឬអាណាព្យាបាលត្រូវមានការយល់ព្រម  ដោយផ្ទាល់មាត់ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ខ្លួន តាមរយៈទូរស័ព្ទ

-កំព្រាឱពុក-ម្ដាយ ឬគ្មានអាណាព្យាបាលរស់នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬដោយ អង្គការផ្សេងៗ ត្រូវបានការយល់ព្រមពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬពីអង្គការនោះ អនុលោមតាមអំណាចច្បាប់

-កំព្រាដែលគ្មានទីពឹងនិងគ្មានផ្ទះសម្បែងរស់នៅពិតប្រាកដ ជាការទទួលខុសត្រូវរបស់អាជ្ញាមានសមត្ថកិច្ចមូលដ្ឋាន

-នៅថ្ងៃមកចាក់វ៉ាក់សាំង មាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់កុមារ-យុវវ័យ ត្រូវបង្ហាញ ឬបំពេញលិខិតយល់ព្រមអនុញ្ញាតិឱ្យចាក់វ៉ាក់សាំង ដល់មន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំង

-ត្រូវបានពិនិត្យសុខភាពយ៉ាងម៉ត់ចត់ និងត្រូវបានអនុញ្ញាតិឱ្យចាក់ដោយគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។

ការចុះឈោ្មះចាក់វ៉ាក់សាំងទុកជាមុន

-មាតា-បិតាឬអាណាព្យាបាលតាមផ្លូវច្បាប់ ត្រូវចុះឈ្មោះកុមារ-យុវវ័យត្រូវចាក់វ៉ាក់សាំងទុកជាមុន នៅក្នុងគេហទំព័រ www.cambodia-vaccine.gov.kh។

-អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអាចជួយរៀបចំបញ្ជី ឈ្មោះកុមារ-យុវវ័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោយមានការយល់ព្រមពីមាតា-បិតា ឬអាណាព្យាបាល រួចចុះឈ្មោះឱ្យទុកជាមុននៅក្នុងគេហទំព័រ www.cambodia-vaccirie.gov.kh ឬបញ្ជូន បញ្ជីឈ្មោះនោះទៅមន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតនៅជិតបំផុត៕






No comments:

Post a Comment