គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ
(ICCព្រះវិហារ) យល់ស្រប កំណត់យកគោបុរៈទី៥ នៃប្រាង្គប្រាសាទព្រះវិហារ ដាក់ជាគម្រោងអាទិភាព ដើម្បីរៀបចំជួសជុលបន្ទាន់។
តាមការបញ្ជាក់ពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ (ICCព្រះវិហារ) បានសំដែងទស្សនៈជាឯកច្ឆ័នយល់ស្រប់ដាក់គោបុរៈទី៥ ទៅក្នុងគម្រោងអាទិភាពចាំបាច់ ក្នុងការរៀបចំ ជួសជុលស្តារឡើងវិញមុនគេ បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពនៃគោបុរៈទី៥នេះកំពុងទទួលរងនូវភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរស្ទើរតែរលំទៅហើយ នោះ។
យោងតាម ការសិក្សាលើលក្ខណៈបច្ចេកទេសនៃគម្រោងជួសជុល ពីអ្នកជំនាញការរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ
(ICCព្រះវិហារ) បានវាយតម្លៃថា ទុនសម្រាប់ប្រើប្រាស់ក្នុងដំណើរការជួសជុលគោបុរៈទី៥នេះគ្រោងចំណាយទឹកប្រាក់ប្រហែលចន្លោះពី១លាន៨សែន ទៅ២លានដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈពេលអនុវត្ត៥ឆ្នាំ។ អង្គប្រជុំបានជំរុញឲ្យគណៈកម្មាធិការថ្នាក់ជាតិ រៀបចំផែនការបច្ចេកទេស ចងក្រងឯកសារនានា និងគម្រោងថវិកាសម្រាប់បំរើឲ្យកិច្ចការការពារ អភិរក្ស ការជួសជុលឡើងវិញ ពិសេសគោបូរៈទី៥ នេះធ្វើឲ្យបានចប់សព្វគ្រប់ឆាប់រហ័សដើម្បីស្វែងរកប្រភពធានធាន និងកំណត់ពេលវេលាឲ្យបានជាក់់លាក់ដើម្បីផ្តើមដំណើរការការងារ។
ចំពោះគម្រោងជួសជុលគោបុរៈផ្សេងៗទៀតក៏បានវាយតម្លៃរួចរាល់ផងដែរក្នុងនោះគោបុរៈទី១តាមផែនការគ្រោអនុវត្ត រយៈពេល១៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ ប្រមាណជាង៥លានដុល្លារ អាមេរិក។ គោបុរៈទី៣ ត្រូវប្រើប្រាស់រយៈពេលជួសជុលក្នុងចន្លោះពី៣ទៅ៥ឆ្នាំ គ្រោងចំណាយថវិការប្រមាណជាង២លាន ៥សែនដុល្លារ។ និងគម្រោងជួសជុលស្រះទឹកនៅគោបុរៈទី៤ គ្រោងនឹងចំណាយទឹកប្រាក់៣លាន ៥សែនដុល្លារអាមេរិក
ក្នុងរយៈពេល៣ឆ្នាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានបេតិកភណ្ឌជាតិម្ពុជា និងឯកឧត្តម បណ្ឌិត Mohamed
Sameh សហប្រធាន គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ (ICC ព្រះវិហារ) បានថ្លែងក្នុងវេទិការតុមូល នៅទីលានជល់ដំរីនារាត្រីថ្ងៃទី០៣ ខែធ្នូ ថា លទ្ធផលនៃជំនួបប្រជុំដំបូងនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ
បានផ្តោត ការយកចិត្តទុកដាក់មុនគេនោះ គឺជំរុញការផ្សព្វផ្សាយ នូវព័ត៌មាន អំពីគម្រោងនៃការអភិរក្ស និងការជួសជុលប្រាសាទព្រះវិហាររួមជាមួយទំហំទឹកប្រាក់ដែលត្រូវប្រើប្រាស់ ដើម្បីឲ្យបណ្តាប្រទេសស្ថាបនិកនិងប្រទេសជាមិត្តដែលគាំទ្រ ICCព្រះវិហារនេះ
បានជ្រាប់ដើម្បីគេ ជួយគៀងគរថវិកា។
ឯកឧត្តមបានឲ្យដឹងថា ICCព្រះវិហារ នេះមានតួនាទីសំខាន់ណាស់ មិនត្រឹមតែជួយដល់ការងារគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែគណៈកម្មាធិការអន្តរជាតិមួយនេះគឺជាអ្នកជួយក្នុងការគៀងគរថវិកា និងការសិក្សាអំពីបច្ចេកទេស សម្រាប់ការងារអភិរក្ស
ជួសជុល និងការអភិវឌ្ឍប្រាសាទព្រះវិហារ បានយ៉ាងពេញលេញ។ ហើយអ្វីជាសារៈប្រយោជន៍ធំទទួលបានពីការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារនេះ គឺប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងតំបន់នេះទទួលបានអត្ថប្រយោជន៍ជាច្រើន ពីគម្រោងអភិវឌ្ឍន៍ទាំងឡាយ អាចជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែរីកចំរើនប្រសើរថែមទៀត។ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជួយថែរក្សា កុំកាប់បំផ្លាញព្រៃឈើខិតខំចូលរួមដាំកូនឈើបន្ថែម ជួយថែរក្សាបរិស្ថាននៅជុំវិញតំបន់នេះឲ្យបានល្អ ពិសេសប្រភេទសត្វស្លាប់
មានត្រយ៉ងយក្ស ត្មាត ត្រូវខិតខំជួយថែរក្សាការពារឲ្យបានគង់វង់ព្រោះវាអាចជួយបង្កើនការទាក់ទាញទេសចរណ៏បន្ថែមទៀតនៅក្នុងតំបន់នេះ។



No comments:
Post a Comment