Wednesday, January 04, 2023

សារព័ត៌មានបរទេស៖ សាលារៀនសម្ដេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ, និមិត្តរូបនៃភាពជាដៃគូរវាងប្រទេសម៉ាលី និងកម្ពុជា

 

(ភ្នំពេញ)៖ នៅឯរដ្ឋធានីបាម៉ាកូ នៃប្រទេសម៉ាលី មានសាលារៀនមួយត្រូវបានដាក់ឈ្មោះថា «សាលាសម្ដេច ហ៊ុន សែន» យកតាមឈ្មោះរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជា ហ៊ុន សែន នៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការមនុស្សធម៌ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាលី។

សាលាសម្ដេច ហ៊ុន សែន ឬហៅជាភាសាបារាំង ថា Complexe Scolaire Samdech HUN SEN ត្រូវបានបង្កើតឡើងដោយលោកស្រី Eva Mysliwiec ដែលជាអ្នកធ្វើកិច្ចការខាង មនុស្សធម៌ជនជាតិអាមេរិក ក្រោមការទំនុកប្រមុងហិរញ្ញវត្ថុពីសម្ដេចតេជោ ហ៊ុន សែន។ លោកស្រី Eva Mysliwiec បានចំណាយពេលធ្វើកិច្ចការងារមនុស្សធម៌ផ្នែកអប់រំ និងការអភិវឌ្ឍជាមួយ អង្គការក្រៅរដ្ឋាភិបាល អស់រយៈពេលជាង ៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានធ្វើដំណើរមកដល់កម្ពុជាទសវត្សរ៍ឆ្នាំ១៩៨០។ លោកស្រីបានបង្កើតវិទ្យាស្ថានស្រាវជ្រាវ មួយមាន ឈ្មោះថា Cambodia Development Resource Institute (CDRI) នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ និងនៅឆ្នាំ២០០៥ លោកស្រីបានបង្កើតអង្គការយុវតារា (Youth Star Cambodia)។

រហូតដល់ឆ្នាំ២០១២ ទើបលោកស្រី Mysliwiec ចាប់ផ្ដើមចាប់អារម្មណ៍ចំពោះវិស័យអប់រំក្មេងស្រីនៅប្រទេសម៉ាលី និងមានគំនិតបង្កើតសាលារៀនមួយក្នុងរដ្ឋធានីបាម៉ាកូ។ លោកស្រី Mysliwiec ទទួលបានសញ្ជាតិខ្មែរសម្រាប់ការបំពេញការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានជួបសម្ដេចតេជោ ហើយសម្ដេចផ្ទាល់បានប្រកាសគាំទ្រលោកស្រីលើគម្រោង សាលារៀននៅបាម៉ាកូ។ លោកស្រី Mysliwiec បានគូសបញ្ជាក់ដូច្នេះថា «នៅខណៈពេលនោះ លោក (សម្ដេច) បានយល់ព្រមផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គម្រោងសាលារៀន ... លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពិតជាមានមោទកភាពខ្លាំងណាស់នៅលើជំហរមួយដែលលោកអាចជួយដល់អ្នកដទៃបាន។ លោកជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះការអប់រំ»។​

គួរបញ្ជាក់ថា សាលាសម្ដេច ហ៊ុន សែន ត្រូវបានកសាងក្នុងឆ្នាំ២០១៣ និងត្រូវបានសម្ពោធនៅឆ្នាំ២០១៤ ដោយមានសិស្សបឋម៦០នាក់ ហើយបច្ចុប្បន្នសាលាបានផ្ដល់ការអប់រំថ្នាក់វិទ្យាល័យ កាលពីឆ្នាំ២០២១ ដោយមានសិស្សចំនួន៤៤០នាក់ ក្នុងនោះមាន៥១នាក់ ជាសិស្សស្រី៕

ប្រភព៖ Le Petit Journal

No comments:

Post a Comment