Wednesday, January 04, 2023

វិភាគអន្តរជាតិ៖ សង្រ្គាមរវាង «មហាយក្សពីរ» នៅអាស៊ី?


(ញូវដេលី)៖ កងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នាជាថ្មីនៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅនេះដោយបណ្ដាលឱ្យកងទ័ពទាំងសងខាងជាច្រើននាក់ រងរបួសស្រាល។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅឯតំបន់ តាវ៉ាង (Tawang) រដ្ឋអារូណាចាល់ ប្រាដែស (Arunachal Pradesh) ចំពេលដែលទំនាក់ទំនងរវាងឥណ្ឌា និងចិនបានស្គាល់ ភាពតានតឹងគ្នា ចាប់តំាងពីផ្ទុះជម្លោះព្រំដែនដ៏ហិង្សាកាលពីខែមិថុនា ឆ្នាំ២០២០ ដែលបានធ្វើឱ្យកងទ័ពឥណ្ឌា ២០នាក់ស្លាប់ ខណៈចិនអះអាងថាកងទ័ពរបស់ខ្លួន ៤នាក់បានស្លាប់។

ឥណ្ឌា និងចិនមានព្រំដែនគោកដែលកំពុងមានជម្លោះនឹងគ្នាប្រវែង ៣,៤៤០គីឡូម៉ែត្រ ឬគេស្គាល់ជាទូទៅថា Line of Actual Control (LAC) ហើយជម្លោះរវាងមហាយក្សអាស៊ីទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ទោះបីជាក្នុងលក្ខណៈទ្រង់ទ្រាយតូចក៏ដោយ ក៏តែងតែបង្កឱ្យមានការព្រួយបារម្ភធំជានិច្ច នៅចំពោះមុខការកើនឡើងនៃមនោសច្ចេតនាជាតិនិយមទាំង នៅក្នុងជួររដ្ឋាភិបាលលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ ជាការពិតណាស់ ឥណ្ឌា និងចិនមិនដែលយកអាវុធនុយក្លេអ៊ែរមកសម្លុតគំរាមគ្នា ទៅវិញទៅមកនោះទេ ហើយជារឿយៗតែងតែព្យាយាមអង្គុយចុះជជែកគ្នាបន្ធួរបន្ថយភាពតានតឹង។ ប៉ុន្តែនៅក្នុងបរិបទនៃបញ្ហាជម្លោះព្រំដែន និងការប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង តើប្រទេសទាំង២ដែលធ្លាប់ផ្ទុះសង្រ្គាមនឹងគ្នាកាលពីឆ្នាំ១៩៦២ អាចបញ្ចៀសកុំឱ្យសង្រ្គាមផ្ទុះឡើងដែរទេ?

* តើឥណ្ឌា និងចិន យល់ឃើញបែបណាចំពោះអាវុធនុយក្លេអ៊ែរ?

នៅក្នុងកែវភ្នែកចិន សហរដ្ឋអាមេរិកគឺជាគូប្រជែងនុយក្លេអ៊ែរចម្បងរបស់ខ្លួន និងជាប្រទេសតែមួយគត់ដែលបង្កការគំរាមកំហែងពីខាងក្រៅដល់សន្តិសុខចិន។ សម្រាប់អ្នកយុទ្ធសាស្ត្រចិន ឥណ្ឌាមិនទាន់មានឆន្ទៈ និងអំណាចយោធាគ្រប់គ្រាន់ដើម្បីសម្រេចចិត្តធ្វើសង្រ្គាមជាមួយចិននៅឡើយទេ។ ចិន បាន និងកំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរក្នុងទិសដៅចម្បង ទុកកំញើញការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ក៏វាគ្រប់គ្រាន់ល្មមអាចបំភ័យ និងកំញើញ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីឥណ្ឌាផងដែរ។

ដោយសារតែយល់ថាឥណ្ឌាមិនមែនជាការគំរាមកំហែងចម្បងបែបនេះឯង ទើបក្រុមអ្នកវិភាគចិនមួយចំនួនតូចផ្ដោតសំខាន់លើទំនាក់ទំនងនុយក្លេអ៊ែររវាងចិន និងឥណ្ឌា។ ទីក្រុងប៉េកាំង ជឿជាក់ថាទីក្រុងញូវដេលីបានអភិឌ្ឍអាវុធនុយក្លេអ៊ែរ គ្រាន់តែដើម្បីកំញើញ និងចង់មានកេរ្ត៍ឈ្មោះនៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ ពោលគឺមិនមែនជាមធ្យោបាយគំរាមកំហែងដល់ចិន នោះឡើយ។ មេដឹកនាំចិនក៏យល់ដែរថាការកើនឡើងនៃអំណាចរបស់ចិននាពេលសព្វថ្ងៃ អាចនឹងធ្វើឱ្យឥណ្ឌាសម្លឹងមើលអនាគតល្អនៃទំនាក់ទំនងទ្វេភាគី ជាជាងចង់មានជម្លោះជាមួយចិន ឬអាចនិយាយម្យ៉ាងទៀតបានថាសម្រាប់មេដឹកនាំចិន សង្រ្គាមនុយក្លេអ៊ែរជាមួយឥណ្ឌាសឹងតែជារឿងមិនអាចកើតឡើង។ ណាមួយសង្រ្គាម ឬអស្ថិរភាពក្នុងតំបន់អាស៊ីខាងត្បូង មិនមែន​ ស្ថិតនៅក្នុងផលប្រយោជន៍របស់ចិនទេ ដោយយ៉ាងហោចណាស់ នោះគឺដោយសារតែវាអាចនឹងគំរាមកំហែងដល់ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» របស់លោក ស៊ី ជិនពីង ជាពិសេស នោះគឺច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគីស្ថានតែម្ដង។

នៅក្នុងប្រទេសឥណ្ឌាវិញ ក្រុមអ្នកវិភាគខ្លះបានអះអាងថាការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបានបង្ខំឱ្យឥណ្ឌាបង្កើនការអភិវឌ្ឍ និងផលិតអាវុធនុយក្លេអ៊ែរជាអាទិភាព ហើយទោះជា សមត្ថភាពយោធាចិនកំពុងខ្លាំងក្លាជាលំដាប់ក៏ពិតមែន ក៏ឥណ្ឌាមិនដែលរាថយឡើយនៅពេលមានជម្លោះទឹកដីម្ដងៗជាមួយចិននៅតំបន់ព្រំដែន។ មួយវិញទៀត ដោយសារតែ ជំហរមិនរាថយរបស់ឥណ្ឌា នៅក្នុងជម្លោះព្រំដែននាពេលកន្លងមកអាចនឹងធ្វើមេដឹកនាំ និងក្រុមអ្នកយុទ្ធសាស្ត្រចិនវាយតម្លៃឡើងវិញលើការវាយតម្លៃដោយសុទិដ្ឋិនិយមរបស់ខ្លួនថាមានតែ អាចរក្សាបាននូវឧត្ដមភាពយោធាទេ ទើបអាចបង្ការកុំឱ្យជម្លោះ ឬសង្រ្គាមធំផ្ទុះឡើង។ ជាមួយការប្រកាន់យកគោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន ទាំងចិន និងឥណ្ឌា មិនដែល សម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរទៅវិញទៅមកដោយបើកចំហទេ ប៉ុន្តែនេះគឺដោយសារតែស្ថានភាពនុយក្លេអ៊ែរនៃមហាអំណាចទាំង២ គឺជាកត្តាមួយមិនអាចយកមកនិយាយបាននៅ ក្នុងជម្លោះតែប៉ុណ្ណោះ។

* តើអាវុធនុយក្លេអ៊ែរអាចនឹងត្រូវប្រើក្នុងជម្លោះយោធារវាងចិន និងឥណ្ឌា ដែរឬទេ?

ជាទូទៅ នៅក្រោមគោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន ទាំងឥណ្ឌា និងចិន បានរក្សាទុកនូវអាវុធនុយក្លេអ៊ែរសម្រាប់គ្រាន់តែដើម្បីកំញើញការវាយប្រហារនុយក្លេអ៊ែរពីសត្រូវ តែប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រសិនបើជម្លោះព្រំដែនរវាងមហាអំណាចទាំង២ កាន់តែអាក្រក់ទៅៗ ឬផ្ទុះទៅជាសង្រ្គាមក៏ដោយ ក៏ហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរចិន និងឥណ្ឌា នៅតែមាន កម្រិតទាប ជាពិសេសបើធៀបទៅនឹងតំបន់ភូមិសាស្ត្រនយោបាយក្ដៅដែលមានហានិភ័យសង្រ្គាមនុយក្លេអ៊ែរខ្ពស់ដទៃ នៅជុំវិញពិភពលោកដូចជាតៃវ៉ាន់ តំបន់ឧបទ្វីបកូរ៉េ និងអ៊ុយក្រែន។

ឥណ្ឌាបានអះអាងថាចិនកំពុងបង្កើនឥទ្ធិពលតាមរយៈអំណាចសេដ្ឋកិច្ច និងយោធា ដើម្បីបំពេញមហិច្ឆតា និងលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួន តួយ៉ាងនៅក្នុងបញ្ហាជម្លោះទឹកដី តែម្ដង។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលជាតិនិយមរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កំពុងរងសម្ពាធនៅក្នុងស្រុកឱ្យចាត់វិធានការឆ្លើយតបជាមួយចិន បើទោះជាអាចប្រឈមមុខ នឹងផលប៉ះពាល់សេដ្ឋកិច្ចជាមួយចិនក៏ដោយ។ ទាំងចិន និងឥណ្ឌា កំពុងត្រួវបានដឹកនាំដោយបុរសខ្លាំង ដែលបានបំផុសនូវមនោសច្ចេតនាជាតិនិយមជាមូលដ្ឋាននៃប្រជាប្រិយភាព និងភាពស្របច្បាប់។ ម្លោះហើយទាំងលោក ស៊ី ជិនពីន និងលោក ម៉ូឌី មិនអាចមានជំហរទន់ភ្លន់ ឬធ្វើការសម្រុះសម្រួលណាមួយទៅឱ្យភាគីម្ខាងៗដោយស្រួលៗឡើយ។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញចិនបានច្រានចោលហានិភ័យដែលថាជម្លោះទូទៅធម្មតានៅឯតំបន់ព្រំដែនជាមួយឥណ្ឌា អាចនឹងរាលដាលទៅជាសង្រ្គាមនុយក្លេអ៊ែរ។ ពីព្រោះពួកគេ យល់ថាភូមិសាស្ត្រជម្លោះនៅតំបន់ព្រំដែនគឺសម្បូរដោយជួរភ្នំ ដែលនេះនឹងធ្វើឱ្យការចល័តកងទ័ពទ្រង់ទ្រាយធំមានភាពពិបាក ឬសឹងតែមិនអាចទៅរួច។ ដូច្នេះប្រសិនបើជម្លោះផ្ទុះឡើង ពួកគេរំពឹងដែរថាចំនួនកងទ័ពស្លាប់ និងរបួសអាចនឹងមានកម្រិត ដែលអាចបញ្ចៀសកុំឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងចិន និងឥណ្ឌា មិនដែលផ្ទុះជាជម្លោះទ្រង់ទ្រាយធំម្ដងណាឡើយក្នុងរយៈពេលជាង ៥ទសវត្សរ៍ចុងក្រោយនេះ។ នេះក៏ដោយសារតែចិន និងឥណ្ឌា មានប្រយោជន៍រួមគ្នាច្រើនខាងសេដ្ឋកិច្ច ហើយភាគីទាំង២ បានអះអាងថាគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុន មិនមានការផ្លាស់ប្ដូរឡើយ និងនៅតែមានការប្ដេជ្ញាចិត្ត ទុកអាវុធនុយក្លេអ៊ែរត្រឹមជាការកំញើញសត្រូវ។

ផ្ទុយទៅវិញ អ្វីដែលគេត្រូវបារម្ភនោះគឺជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌាទៅវិញទេដែលប្រទេសទាំង២ មានអាវុធនុយក្លេអ៊ែរដូចគ្នា។ ក្រៅពីចិន ប៉ាគីស្ថានក៏មានជម្លោះព្រំដែនជាមួយឥណ្ឌា ជុំវិញដែនដី Jammu និង Kashmir។ សម្រាប់ឥណ្ឌា ឥណ្ឌាដឹងយ៉ាងច្បាស់ថាប្រសិនបើមានជម្លោះទ្រង់ទ្រាយធំណាមួយជាមួយចិន នោះវានឹងកាន់តែរុញឱ្យចិន និងប៉ាគីស្ថាន កាន់តែមាន ទំនាក់ទំនងយោធាជិតស្និទ្ធ ឬអាចនិយាយថាឥណ្ឌាអាចនឹងមានសត្រូវ ២ទិសដែលសុទ្ធសឹងតែជាមហាអំណាចនុយក្លេអ៊ែរ។ អាស្រ័យលើភូមិសាស្ត្រនយោបាយបែបនេះ ឥណ្ឌាមានតែដើរ ដោយប្រុងប្រយ័ត្ន និងបោះដៃទៅរកមហាអំណាចដទៃដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីលើកទម្ងន់របស់ខ្លួននៅលើឆាកអន្តរជាតិ៕ (Fresh News)

No comments:

Post a Comment